ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីរនិងអ៊ុយក្រែនកំពុងតែប្រឈមមុខដាក់គ្នារហូតបានបង្កជាសង្គ្រាមអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ក៏កម្ពុជានៅតែរក្សាការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ហើយការនាំចេញទំនិញទៅរុស្ស៊ីនៅតែមានដំណើរការធម្មតា ប៉ុន្តែការនាំចេញទៅអ៊ុយក្រែនគឺហាក់ដូចជាមានភាពរអាក់រអួល។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។
លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាធម្មតាពាណិជ្ជករនៅតែធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានាដដែរ គឺមិនមានការរើសអើងក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលពាក់ព័ន្ធនិងការធ្វើសង្រ្គាមនោះទេ។ កម្ពុជាអាចប៉ះពាល់ការធ្វើពាណិជ្ជកម្មធ្ងន់ធ្ងរបាន លុះត្រាតែរុស្ស៊ីធ្វើសង្រ្គាមជាអឺរ៉ុប។
លោកឧកញ៉ាបន្តថា ជារួមកម្ពុជាគឺនៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាដោយពុំមានការរើសអើង ហើយបច្ចុប្បន្ននេះ កម្ពុជាបានរងផលប៉ះពាល់តិចតួចពីវិវាទរវាងប្រទេសទាំងពីរនេះ ដែលបានធ្វើឱ្យមានការឡើងថ្លៃចំពោះតម្លៃប្រេងសាំង ប៉ុន្តែមិនជួបបញ្ហាក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅអឺរ៉ុបទេ។
លោកឧកញ៉ាបញ្ចាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី និងកម្ពុជា-អ៊ុយក្រែន គឺមានតិចតួចណាស់ ហើយការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសទាំងពីរនាពេលកន្លងមក គឺកម្ពុជាធ្លាប់បាននាំចេញទំនិញមួយចំនួនដូចជា ទំនិញវាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងផលិតផលកសិកម្មជាដើម។
គួរបញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអ៊ុយក្រែននៅក្នុងឆ្នាំ២០២១ មានកំណើនត្រឹមតែ២៥ភាគរយ ឬក្នុងទំហំទឹកប្រាក់ចំនួន ៨,៥៦៤,៥៧១.១៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ បើធៀបនិងឆ្នាំ២០២០។ ក្នុងនោះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅអ៊ុយក្រែនមានចំនួន ៦,១៦៣,០៧៧.៨៩ ដុល្លារអាមេរិក និងនាំចូលក្នុងទំហំទឹកប្រាក់ចំនួន ២,៤០១,៤៩៣.២៦ដុល្លារមេរិក។
រីឯទំហំពាណិជ្ជកម្មកម្ពុជាជាមួយរុស្ស៊ីក៏មិនមានច្រើនដែរ ដោយក្នុងឆ្នាំ២០២១ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីមានចំនួន ៩៤,១៨៤,៩៥១.៩៤ ដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទៅរុស្ស៊ីមានចំនួន ៥៩,៥៤២,២៤៩.៧១ ដុល្លារអាមេរិក ហើយនាំចូលក្នុងទំហំទឹកប្រាក់ចំនួន ៣៤,៦៤២,៧០២.២៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕