
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញដោយសារស្ថានភាពក្នុងស្រុកមានភាពធូរស្បើយពីកូវីដ ចំនួនជើងហោះហើរនៅក្នុងប្រទេសកម្ពុជាក៏ផ្តើមមានការកើនឡើង ដោយក្នុងនោះកម្ពុជាទទួលបានជើងហោះហើរក្នុងស្រុកកើនឡើង១៨ភាគរយ តែក្រៅស្រុកធ្លាក់ចុះ៣%។ នេះបើតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលនៅកម្ពុជាស្តីពី លទ្ធផលដឹកជញ្ជូនតាមផ្លូវអាកាសប្រចាំខែមករា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ សម្រាប់ខែមករា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានជើងហោះហើរក្នុងស្រុកចំនួន ១២៧ ជើង កើនឡើង១៨ភាគរយ ខណៈជើងហោះហើរក្រៅស្រុកមានចំនួន១,០៨១ ជើង ធ្លាក់ចុះ៣ភាគរយ បើធៀបខែធ្នូ ឆ្នាំ២០២១។ការធ្លាក់ចុះនេះ ដោយសារប្រទេសនៅតាមតំបន់មួយចំនួន ដូចជាប្រទេសចិនបន្តអនុវត្តយុទ្ធនាការសូន្យកូវីដ ខណៈប្រទេសនៅក្នុងតំបន់មួយចំនួនកូវីដមិនទាន់ធូរស្រាល។
ទាក់ទងនឹងសំបុត្រយន្តហោះវិញ ចំពោះតម្លៃសំបុត្រហោះហើរពីចិនមកកម្ពុជាមានតម្លៃប្រហែលជាង ៣០០០ដុល្លារ ម្ខាង (one way)។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍៕