.jpg?1647248012)
ភ្នំពេញ៖ការធ្វើដំណើរតាមរយៈជើងហោះហើរពីប្រទេសកម្ពុជា ទៅប្រទេសចិននៅតែមានចំនួនតិចតួចនៅឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញក្រោយធូរស្បើយពីកូវីដក្តី។ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា មុនកូវីដហោះ៦ក្រុមហ៊ុនធ្លាក់នៅត្រឹមតែ៣ក្រុមហ៊ុន ខណៈប្រទេសចិន១៦ក្រុមហ៊ុន នៅត្រឹមតែ២ក្រុមហ៊ុន។នេះបើតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
យោងតាមរបាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជាចំនួន៣ក្រុមហ៊ុន កំពុងហោះហើរជាប្រក្រតីរវាងកម្ពុជា-ចិន គឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air, ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines និង ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways។ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និងក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ហោះហើរពីភ្នំពេញ-ក្វាងចូវ ១ជើងក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនទំនិញ ហើយត្រឡប់មកវិញដឹកជញ្ជូនអ្នកដំណើរ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះហើរពីភ្នំពេញ-ចិនឌូ ១ជើងក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនអ្នកដំណើរទាំងទៅ និង ត្រឡប់មកវិញ។
ចំណែកក្រុមហ៊ុនអាកាសចរណ៍របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន២ក្រុមហ៊ុនបាន និងកំពុងហោះហើរជាប្រក្រតី ចេញ-ចូល កម្ពុជា គឺ៖ក្រុមហ៊ុនអាកាសចរណ៍ China Southem Airlines និង ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines។ ក្រុមហ៊ុនអាកាសចរណ៍ China Southem Airlines ហោះហើរពីក្វាងចូវ-ភ្នំពេញ ១ជើងក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនអ្នកដំណើរហើយត្រឡប់ទៅវិញដឹកជញ្ជូនទំនិញ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ហោះហើរពីសៀងហៃ-ភ្នំពេញ ១ជើងក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនអ្នកដំណើរហើយត្រឡប់ទៅវិញដឹកជញ្ជូនទំនិញ។
គួរបញ្ជាក់ថា មុនវិបត្តិជំងឺកូវីដ-១៩ មានចំនួន ៦ក្រុមហ៊ុនគឺក្រុមហ៊ុន Cambodia Angkor Air, Lanmei Airlines, JC (Cambodia) International, Airlines, Bassaka Air, Cambodia Airways និង Sky Angkor Airlines បានហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសទៅកាន់ ៣៤ទីក្រុងសំខាន់ៗរបស់ចិន ដែលមានជើងហោះហើរសរុបចំនួន ២២០ជើងក្នុងមួយសប្តាហ៍។ ចំណែកចិន មានចំនួន ១៦ក្រុមហ៊ុន បានហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវ អាកាសមកពី១៨ទីក្រុងសំខាន់ៗរបស់ចិន ដែលមានជើងហោះហើរសរុបចំនួន ១៩៤ជើងក្នុងមួយសប្តាហ៍៕