Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាកើនឡើងភ្ញៀវទេសចរផ្ទៃក្នុងជាង២៧ភាគរយសសម្រាប់ចុងសប្ដាហ៍ទី២ខែមីនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពភ្ញៀវទេសចរបានកម្សាន្តនៅតាមរមណីយដ្ឋាននានា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៥៣,៨៧៦នាក់ ដែលមានការកើនឡើងប្រមាណ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះមានភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,១១០នាក់, ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់, រាជធានីភ្នំពេញ ២៨,៤១៩នាក់, ខេត្តសៀមរាប ២៧,៥៤៣នាក់, ខេត្តបាត់ដំបង ២៣,៩៩០នាក់, ខេត្តកំពត ២៦,១៣៦នាក់, ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់ និងខេត្តកែប ១១,៤៤៣នាក់។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមឯកឧត្តម ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩បានល្អ ពិសេសការថយចុះនៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence) និងបានជំរុញឲ្យមានចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជាឱកាសដើរកម្សាន្តដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង