
ភ្នំពេញ៖ ក្រោយពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើមអស់រយៈពេលជាង១សប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ទីផ្សារអង្ករកម្ពុជាមិនទទួលរងផលប៉ះពាល់អ្វីឡើយពីវិបត្តិរវាងប្រទេសទាំងពីរ ជារួមគឺនៅតែមានទីផ្សារសម្រាប់សហគមន៍អឺរ៉ុប។ តែបញ្ហាប្រឈមសំខាន់នោះ គឺបញ្ហា«កង្វះទូកុងតឺន័រ និង តម្លៃថ្លៃ»។
លោកឧកញ៉ា សុង សារ៉ន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ទីផ្សារអង្ករកម្ពុជាអាចទទួលរងផលប៉ះពាល់ពីវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែនបានលុះត្រាតែសង្រ្គាមនេះមានការរីករាលដាលពេញទ្វីបអឺរ៉ុប ហើយថែមទាំងអាចប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ និង ការនាំចេញទំនិញផ្សេងៗទៀត ព្រោះជាការនាំចេញដែលមានទិសដៅតែមួយ។
លោកឧកញ៉ាបន្តថា មកទល់ពេលនេះ បញ្ហាប៉ះពាល់សំខាន់គឺការដឹកជញ្ជូនដោយសារបញ្ហាកង្វះទូកុងតឺន័រ ហើយចំពោះតម្លៃដឹកជញ្ជូនទៅក្រៅប្រទេសតាមផ្លូវទឹក ជាពិសេសទៅប្រទេសឆ្ងាយៗ ឆ្លងទ្វីប ឬទៅអឺរ៉ុប គឺនៅតែបន្តការឡើងថ្លៃខ្លាំងដដែល ដោយសារបញ្ហាកង្វះទូកុងតឺន័រជាដើម។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងចំនួនសរុបនៃការនាំចេញអង្ករកម្ពុជា ក្នុងនោះបរិមាណអង្ករដែលបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។ នេះបើតាមរបាយការណ៍៕