
ភ្នំពេញ៖គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់ឡើងនៅលើទីតាំង ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ស្ពាននេះ គ្រោងសាងសង់ជាប្រភេទស្ពានខ្សែកាប។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យក្រុមការងារក្រសួង សាធារណការ និងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េរួចហើយ និង សម្រេចយកជម្រើសទីតាំងសាងសង់នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ។
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានសម្រេចជួយសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានលើកឡើងដោយ លោក ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៣មករា ឆ្នាំ២០២២។
បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជារូបនេះ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរដ្ឋាភិបាលកម្ពុជា។ លោក ផាក ហ៊ឹងឃ្យុង បាននិយាយដូច្នេះ៖ «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍ នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញ ផងដែរ»។