Yearendyearend1140x150

កម្ពុជាអាចនឹងប៉ះពាល់ការនាំចេញបើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្លាយជាសង្គ្រាមរុាំរ៉ៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កំពង់ផែស្វយ័តនាពេលកន្លងទៅ

ភ្នំពេញ៖ ក្រោយពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើមអស់រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ បានធ្វើឱ្យអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាយល់ឃើញថា បើសង្គ្រាមនេះមានក្នុងរយៈពេលខ្លី នោះវាក៏មិនជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាឡើយ។ ផ្ទុយមកវិញ បើសង្រ្គាមនេះបន្តអុសបន្លាយក្នុងរយៈពេលយូរ នោះវាអាចនឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ប្រសិនបើសង្រា្គមរុស្ស៊ី-អ៊ុយក្រែន បន្តអូសបន្លាយរហូតក្លាយជាសង្គ្រមរុាំរ៉ៃដែលជាសង្គ្រាមនៅក្នុងតំបន់អឺរ៉ុប នោះបញ្ហាប្រឈមរបស់កម្ពុជាគឺអាចបាត់បង់នូវការនាំចេញផលិតផលទៅអឺរ៉ុបដូចជាអង្ករជាដើម ហើយវិសយដែលអាចប៉ះពាល់ជាងគេគឺវិស័យកាត់ដេរ។

លោកបណ្ឌិតពន្យល់ថា ចំពោះការនាំចេញអង្ករទៅអឺរ៉ុបអាចនឹងមិនមានផលប៉ះពាល់ខ្លាំងក្លានោះទេ ប៉ុន្តែអាចនឹងជាឱកាសនៃការនាំចេញអង្ករកាន់តែប្រសើរជាងមុន ដោយសារតែអឺរ៉ុបជាប់ដៃធ្វើសង្គ្រាមមិនបានផលិតស្បៀងអាហារ។ ចំពោះការនាំចេញសម្លៀកបំពាក់ អាចនឹងប្រឈមឬជួបវិបត្តិខ្លាំង ព្រោះពេលមានសង្រ្គាមកើតឡើងធ្វើឱ្យប្រទេសដែលរងផលប៉ះពាល់ពីសង្រា្គមដោយផ្ទាល់មិនត្រូវការប្រើប្រាស់សម្លៀកបំពាក់ថ្មី ទំនើប ឬទាន់សម័យនោះឡើយ។

លោកបណ្ឌិតបានបញ្ជាក់ថា នាពេលកន្លងមក កម្ពុជាក៏ធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែនដែរ ប៉ុន្តែការនាំចេញ-នាំចូលរបស់កម្ពុជាទៅកាន់ប្រទេសទាំងពីរនេះគឺមានតិចតួចបំផុត ហើយមកទល់ពេលនេះការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយរុស្ស៊ី និងអ៊ុយក្រែនក៏មិនទាន់រងការប៉ះទង្គិចនោះដែរ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋអនុលេខាធិការក្រសួងពាណិជ្ជកម្មក៏បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ពុំទាន់មានឥទ្ធិពលអវិជ្ជមានដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុបទេនោះទេ ហើយលោកយល់ឃើញថាសង្រ្គាមនេះក៏នឹងមិនអូសបន្លាយយូរដែរ។

ឯកឧត្តមក៏បានបង្ហាញថា ចំពោះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអ៊ុយក្រែននៅក្នុងឆ្នាំ២០២១ មានកំណើនត្រឹមតែ២៥ភាគរយ ឬក្នុងទំហំទឹកប្រាក់ចំនួន ៨,៥៦៤,៥៧១.១៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ បើធៀបនិងឆ្នាំ២០២០។ ក្នុងនោះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅអ៊ុយក្រែនមានចំនួន ៦,១៦៣,០៧៧.៨៩ ដុល្លារអាមេរិក និងនាំចូលក្នុងទំហំទឹកប្រាក់ចំនួន ២,៤០១,៤៩៣.២៦ដុល្លារមេរិក។

រីឯទំហំពាណិជ្ជកម្មកម្ពុជាជាមួយរុស្ស៊ីក៏មិនមានច្រើនដែរ ដោយក្នុងឆ្នាំ២០២១ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីមានចំនួន ៩៤,១៨៤,៩៥១.៩៤ ដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទៅរុស្ស៊ីមានចំនួន ៥៩,៥៤២,២៤៩.៧១ ដុល្លារអាមេរិក ហើយនាំចូលក្នុងទំហំទឹកប្រាក់ចំនួន ៣៤,៦៤២,៧០២.២៣ដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់ឯកឧត្តម។

ទន្ទឹមនឹងនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏ប្រាប់ស៊ីស៊ីថាមស៍ដែរថា ជាធម្មតាពាណិជ្ជករនៅតែធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានាដដែរ គឺមិនមានការរើសអើងក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលពាក់ព័ន្ធនិងការធ្វើសង្រ្គាមនោះទេ។ ជារួមគឺកម្ពុជានៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាដោយពុំមានការរើសអើង ហើយបច្ចុប្ន្ននេះ កម្ពុជាក៏មិនទាន់ជួបបញ្ហាក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអឺរ៉ុបផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង