Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

«កំណាត់ផ្លូវជាតិលេខ៣»តម្លៃជាង២១៥លានដុល្លារសម្ពោធផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត

កំពត៖ កំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណជាង ២១៥លានដុល្លារអាមេរិក ត្រូវបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការហើយនៅថ្ងៃទី ២ មីនា ឆ្នាំ២០២២នេះ ក្រោយអធិបតីភាពសម្តេច ហ៊ុន សែន និង ស្ថានទូតចិនប្រចាំនៅកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់បែកគូស ប្រវែងជិត ៧០គីឡូម៉ែត្រ ជា ៤គន្លង និង កំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត ៦៥គីម៉ែត្រ ជា២គន្លង។ កំណាត់ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មី ចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ប្រវែងសរុប ៣០ម៉ែត្រ។សាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែងផងដែរ។ 

កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជាឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង