Cctimesw1140xh150cm copy

ស្នាក់ការពិនិត្យច្រកទ្វារព្រំដែនប៉ោយប៉ែតតម្លៃជាង៤លានដុល្លារសម្ពោធឲ្យប្រើជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ តម្លៃ១៧​ប៊ីលាន​១៣លានរៀល បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី ១ មីនា ឆ្នាំ២០២២នេះ ក្រោយអធិបតីភាពសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន១៧ប៊ីលាន១៣លានរៀល។

ក្នុងអគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។

ក្នុងបរិវេនអគារ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញនិងមកដល់ចំនួន២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។ 

សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង