ភ្នំពេញ៖ ឧកញ៉ា ម៉ុង ឬទ្ធី អ្នកជំនួញនៅស្រុកខ្មែរដ៏ល្បីល្បាញលើវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃដែលមិនធ្លាប់ជួបប្រទះពីមុនមក ដោយផ្លែស្វាយកែវរមៀតក្នុងមួយគីឡូលក់បានតម្លៃត្រឹមតែ៤០០រៀលប៉ុណ្ណោះ។ នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ឧកញ៉ាផ្ទាល់ ដែលមានឈ្មោះថា ឯកឧត្តមបណ្ធិត ម៉ុង ឬទ្ធី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។
ឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា ជាក់ស្តែងថ្ងៃទី ២៧ខែ កុម្ភៈ ម្សិលមិញនេះ ផ្លែស្វាយកែវរមៀតលក់ទៅអោយឈ្មួញវៀតណាមបានត្រឹមតែតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ បើប្រៀបធៀបរយៈពេលកន្លងមក បានតម្លៃជាមធ្យមចន្លោះពី ៨០០រៀល ទៅ ១.២០០រៀលក្នុងមួយគីឡូ។ បើនិយាយពីតម្លៃជីគីមី 20-20-15ឆ្នាំ ទៅមិញ តម្លៃ 420$មួយតោន តម្លៃបច្ចុប្បន្ននេះ ជាមធ្យម 820$មួយតោន សម្រាប់តម្លៃប្រេងឥន្ធនៈវិញ យើងដឹងទាំងអស់គ្នាហើយ នេះមកពីគ្រោះមហន្តរាយ ជម្ងឺឆ្លង កូវីដ១៩ គួបផ្សំជាមួយវិបត្តិផ្សេងៗទៀតនៅលើសកលលោក។
ជាមួយគ្នានេះ ឧកញ៉ាចង់អោយកសិករកម្ពុជាងាកមកផលិតជីសរីរាង្គដោយខ្លួនឯងវិញម្តង សម្រាប់ពេលនេះ បើយើងទិញជីសរីរាង្គនាំចូលតម្លៃ 420$មួយតោន ដែលពីមុនមកតម្លៃជាមធ្យមគឺតែ 220$ មូយតោន តែបើខ្ញុំផលិត ជាក់ស្តែង ដោយផ្ទាល់វិញ អស់តែ24$មួយតោនទេ ជាមធ្យមអាចផលិតបាន ២៤ តោន ជារាងរាល់ថ្ងៃ បើទិញគេវិញអស់ប្រមាណជា 10.000$ មួយថ្ងៃ។
មួយវិញទៀត ឧកញ៉ាចង់អោយកសិករកម្ពុជាប្តូរពូជស្វាយកែវរមៀតដែលលក់បានតម្លៃមិនដល់ ១.០០០រៀលផងក្នុងមួយគីឡូក្រាម មកប្តូរពូជស្វាយណាំដកម៉ៃ អេវិន អាយវិន និងប៉ោមអូស្ត្រាលី ដូចដែលឧកញ៉ាបានបង្ហាញតាមរយៈរូបភាពនេះ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងប្រទេសវិញ ដែលបច្ចុប្បន្នលក់បានតម្លៃជាមធ្យម ១៦.០០០រៀលមួយគីឡូក្រាម បើកសិករខ្នាតតូច និងមធ្យម អាចចិញ្ចឹមឆ្នាំងបាយបាន តែបើខ្នាតធំ ប្រើគ្រឿងចក្រ និង ជួលកម្លាំងពលកម្ម ១០០% ក៏ពិបាករកប្រាក់ចំណេញដែរ ៕