
បេឡារុស្ស៖ ទីក្រុងមូស្គូ និងក្រុងគៀវ បានរកឃើញរឿងមួយចំនួន ដែលអាចព្រមព្រៀងគ្នាបានក្នុងអំឡុងកិច្ចចរចាបទឈប់បាញ់ ដែលរៀបចំដោយបេឡារុស្ស ហើយនឹងវិលត្រឡប់មកវិញសម្រាប់ការពិគ្រោះយោបល់មុនជុំបន្ទាប់។ នេះបើតាមគណៈប្រតិភូទាំងពីរបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចចរចាបានបញ្ចប់កាលពីថ្ងៃចន្ទ។
កិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ ដែលមានរយៈពេលជិត៥ម៉ោង បានធ្វើឡើងនៅប្រទេសបេឡារុស្ស ក្បែរព្រំដែនរុស្ស៊ី និងអ៊ុយក្រែន។ លោក Vladimir Medinsky ជំនួយការប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាននិយាយថា កិច្ចចរចាជុំបន្ទាប់នឹងធ្វើឡើងនៅព្រំដែនរវាងបេឡារុស្ស និងប៉ូឡូញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា គោលបំណងសំខាន់នៃកិច្ចពិភាក្សា គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន។ លោកបានបន្ថែមថា ភាគីទាំងពីរបានកំណត់ប្រធានបទអាទិភាពមួយចំនួន ដែល “ដំណោះស្រាយមួយចំនួនត្រូវបានលើកឡើង”។
គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Alexey Reznikov ហើយការទាមទារចម្បងគឺ បទឈប់បាញ់ជាបន្ទាន់ និងការដកទ័ពរុស្ស៊ីទាំងអស់ចេញពីប្រទេស។
ខណៈពេលដែលកិច្ចពិភាក្សាកំពុងបន្ត លោក Zelensky បានផ្ញើសំណើផ្លូវការសម្រាប់សមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនទៅកាន់ទីក្រុងព្រុចសែល។ ទន្ទឹមនឹងនោះ រុស្ស៊ីបានដាក់កម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន លើការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពេលណាតូមានចលនាបញ្ជូនអាវុធទៅក្រុងគៀវ។
ទីក្រុងមូស្គូបានបញ្ជាកងកម្លាំងយោធាចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាទីក្រុងគៀវត្រូវតែ "គ្មានយោធា" និង ដើម្បីការពារសាធារណរដ្ឋ នៃ Donetsk និង Lugansk ក៏ដូចជាប្រទេសរុស្ស៊ីផងដែរ។ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ សំដៅលើសេដ្ឋកិច្ចរុស្ស៊ី លោក ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀត៕