Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាធ្លាក់ចុះភ្ញៀវទេសចរ១៧ភាគរយសម្រាប់ចុងសប្ដាហ៍ទី៤នៃខែកុម្ភៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពភ្ញៀវទេសចរចេញដើរកម្សាន្តនៅកម្ពុជាសម្រាប់ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតាមបណ្តារាជធានី-ខេត្តនានាបានជះឥទ្ធិពលដល់ការសម្រចចិត្តធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាក់ស្តែង សម្រាប់ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុប ១៦៥,០៤៦នាក់ ហើយតួលេខនេះមានការធ្លាក់ចុះប្រមាណ១៧.០៩% បើធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើាតមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមក្រសួងទេសចរណ៍ ខណៈដែលចរន្តភ្ញៀវទេសចរពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមខេត្តបន្តថមថយខ្លះទៀត ការដើរកម្សាន្តក្នុងខេត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏មានថមថយខ្លះដែរ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម។

ទន្ទឹមនឹងនេះ ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលាដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរនារយៈពេល២សប្តាហ៍ចុងក្រោយនេះផងដែរ។ នេះបើតាមក្រសួងទេសចរណ៍។

ដោយឡែក ទោះបីចរន្តភ្ញៀវទេសចរមានការថមថយខ្លះ ប៉ុន្តែក្រសួងទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានបន្តខិតខំណែនាំអប់រំ និងជំរុញការអនុវត្តវិធានការបង្កាជំងឺកូវីដ-១៩ វិធានការណ៍៣កុំ និង៣ការពារ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះភ្ញៀវជាតិមានចំនួន១៥៧,៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧,៦០៣នាក់។ រីឯគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៤,៥២២នាក់, ខេត្តពោធិ៍សាត់ ២៤,៥០២នាក់, ខេត្តបាត់ដំបង ២៣,៥១០នាក់, រាជធានីភ្នំពេញ ១៨,៧៣០នាក់, ខេត្តកំពត ៨,២៥៤នាក់, ខេត្តមណ្ឌលគិរី ៦,២៩៥នាក់, ខេត្តកែប ៥,៤៩៥នាក់ និងខេត្តសៀមរាប ៤,៩៦៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង