Cctimesw1140xh150cm copy

ស្នងការនគរបាលជាតិបញ្ជាក់ថាករណី«ទាសករលក់ឈាម»ជាព័ត៌មានប្រឌិត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨កុម្ភៈនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ករណីការចាប់បង្ខាំងជនជាតិចិនធ្វើជា«ទាសករលក់ឈាម» នៅតំបន់ឆៃណាថោន ក្រុងព្រះសីហនុ គឺជាព័ត៌មានប្រឌិត​ ដែលរៀបចំដោយឈ្មោះ LI YA YUANLUN ជនជាតិចិន ភេទប្រុស អាយុ៣១ និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់។

បន្ទាប់ពីទទួលបានព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយពីករណី«ទាសករលក់ឈាម»នៅក្រុងព្រះសីហនុ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្គេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលបានចម្លើយសក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មាន ទាសករគឺជារឿងប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUANLUN ភេទប្រុស អាយុ៣១។

ឈ្មោះ LI YA YUANLUN ដែលបានអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។ 

ចំណែកអ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUANLUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUANLUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្ន ឈ្មោះ LI YA YUANLUN និងអ្នកពាក់ព័ន្ធ ០៣នាក់ (ស្រ្តី០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានោះ អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំសាធារណៈមតិជាតិ និងអន្តរជាតិ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង