ភ្នំពេញ៖កម្ពុជាបច្ចុប្បន្នយានយន្ដទាំងអស់ដែលចុះបញ្ជី ប្រហែលជិត៦លានគ្រឿង ក្នុងនោះមានឡានជិត១លានគ្រឿង ដែល ៦០ភាគរយដែលឡានទាំងអស់អត់មកឆៀក ខណៈពេលមានឡានត្រឹមតែ ៤០ភាគរយប៉ុណ្ណោះដែលមកឆៀក។ នេះយោងទៅតាមការថ្លែងរបស់លោក ឈួន វ៉ន់ ថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ឈួន វ៉ន់ បញ្ជាក់ថា ការស្រង់ទិន្នន័យជាក់ស្ដែងនៃយានយន្ត មានឡានខ្លះសុពលភាពហួស មិនដឹងថាហួសប៉ុន្មានឆ្នាំមកហើយទេ ហើយមានឡានខ្លះអត់ដែលមកឆៀកតែម្ដង។ ជាការឆ្លើយតបលោកអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករូបនេះ ថ្លែងក្នុងសន្និសីទថា «តាមការប៉ាន់ប្រមាណរបស់ខ្ញុំ ចំនួនយានយន្ដដែលមកចុះបញ្ជីទាំងម៉ូតូ ឡានទាំងអស់ ជិត ៦លានគ្រឿង ក្នុងនោះមានឡានចូលជិត ១លានគ្រឿង និងម៉ូតូ (ទោចក្រយានយន្ត) ចំនួនជាង ៨០ភាគរយ។ ហើយស្ថិតិដែលបានស្រង់ក្នុងបញ្ជី ខ្ញុំបានឃើញថា ឡានអត់មកឆៀក ប្រហែល ៦០ភាគរយ និងឡានដែលមកឆៀកមានត្រឹមតែ ៤០ភាគរយតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា សន្និសីទសារព័ត៌មានស្ដីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដែលប្រព្រឹត្តនៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ។