
ភ្នំពេញ៖ ដោយមានការជ្រោមជ្រែងពីស្ថានទូតចិន និងការគាំទ្រយ៉ាងខ្លាំងក្លាពីស្ថាប័នពាក់ព័ន្ធ ជើងហោះហើរត្រង់រវាងចិននិងកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងពីមួយជើងទៅពីរជើងក្នុងមួយសប្តាហ៍នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថានទូតចិនបានបញ្ជាក់ថា ការបន្ថែមជើងយន្តហោះត្រង់ខាងលើនេះ គឺដើម្បីជំរុញការផ្លាស់ប្តូរប្រជាជនរវាងចិន និងកម្ពុជា ជាពិសេសជួយសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋចិននៅកម្ពុជាឱ្យបានត្រឡប់ទៅកាន់ប្រទេសចិនវិញ។
ស្ថានទូតចិនបន្តថា ក្រុមហ៊ុនអាកាសចរណ៍ចិននឹងធ្វើការប្តូរវេនគ្នាក្នុងការដំណើរការជើងហោះហើរថ្មីខាងលើនេះ។ ក្នុងជំហានបន្ទាប់ ស្ថានទូតចិននឹងណែនាំក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធក្នុងការរៀបចំសំបុត្រយន្តហោះដែលមានតម្លៃសមរម្យ ធ្វើស្តង់ដារការកក់ដោយផ្ទាល់ផ្លូវការ និងបណ្តាញលក់សំបុត្រ យកចិត្តទុកដាក់អនុវត្តវិធានការបង្ការនិងត្រួតពិនិត្យពីចម្ងាយក្នុងប្រទេសចិន និងខិតខំប្រឹងប្រែងដើម្បីធានាឱ្យបានដំណើរការបន្ថែមជើងហោះហើរត្រង់ពីកម្ពុជាទៅចិនប្រព្រឹត្តទៅដោយរលូន។
ស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានក្រើនរំលឹកដល់ពលរដ្ឋចិននៅកម្ពុជា ឱ្យយកចិត្តទុកដាក់តាមដានលើការប្រកាសជាផ្លូវការនៃក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធ ក្នុងការកក់ និងទិញសំបុត្រយន្តហោះតាមរយៈបណ្តាញផ្លូវការ ហើយកុំជឿទុកចិត្តលើ“ភាគីទី៣”ដូចជា ភ្នាក់ងារក្នុងការទិញឬកក់សំបុត្រយន្តហោះ។
ជាចុងក្រោយ ស្ថានទូតចិនក៏បានអំពាវនាវពលរដ្ឋរបស់ខ្លួនគ្រប់គ្រងសុខភាពខ្លួនឯងអោយបានល្អ ដើម្បីជៀសវាងការយឺតយ៉ាវក្នុងការធ្វើដំណើរដោយសារជំងឺរាតត្បាត៕