
ភ្នំពេញ៖ យីហោម៉ូដសម្លៀកបំពាក់លំដាប់ពិភពលោកមួយនឹងមានវត្តមាននៅកម្ពុជានាខែក្រោយ។នេះជាដំណឹងដ៏រីករាយដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ១៩។
យីហោម៉ូដសម្លៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោកH&M គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើបអ៊ីអនម៉លទី១( AEON Mall 1) ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី១៨ ខែមីនា ២០២២ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M បានឱ្យដឹងថា៖ ហាងម៉ូដសម្លៀកបំពាក់អន្តរជាតិដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងរាជធានីភ្នំពេញ។ ហាងនេះមានផ្ទៃក្រឡាទំហំ ១,៧៩៨ ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើ ២ ជាន់។ ហាងថ្មីនេះនឹងមានម៉ូដសម្លៀកបំពាក់ ជាច្រើនសម្រាប់ បុរស-ស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ ២០២២នេះ។
“H&M មានសេចក្តីសោមនស្សរីករាយក្នុងការបើកហាង ដំបូងគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយមម៉ូដសម្លៀកបំពាក់របស់យើង នៅ ក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដ និងគុណភាពក្នុងតម្លៃល្អបំផុតប្រកបដោយនិរន្តរភាព”។ នេះបើតាមការបញ្ជាក់របស់ លោកPhilippe Lassaux នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ។

សម្រាប់អតិថិជនម្នាក់ដំបូងគេនឹងទទួលបានប័ណ្ណ(voucher rewarded)ដែលមានតម្លៃស្មើនឹង ១,០០០ ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី២និងទី៣នៅក្នុងជួរនឹងទទួលបានរង្វាន់តម្លៃ៥០០ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។អតិថិជនទីបួនដល់ទីប្រាំមួយនៅក្នុងជួរនឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានតម្លៃ៣០០ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ចំណែកអតិថិជនទីប្រាំពីរដល់ទីដប់ប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ១០០ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។លើសពីនេះទៅទៀតអតិថិជនទីដប់ប្រាំពីរដល់សាមសិបប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ ២៥ ដុល្លារ ហើយអតិថិជន ២៥០ នាក់បន្ទាប់នឹងទទួលបានប័ណ្ណដែលមានតម្លៃ១៥ ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ហាងនេះ នឹងបើកចាប់ពីពីម៉ោង ៩:០០ ព្រឹក ដល់ ១០:០០ យប់ ជារៀងរាល់ថ្ងៃ។
