
ភ្នំពេញ៖ ភាគីកម្ពុជា និងអ៊ីរ៉ង់បានលើកពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រលើវិស័យកីឡាកម្ពុជាពីសំណាក់ភាគីអ៊ីរ៉ង់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងការបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។
លោក អាលី អាក់បារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអ៊ីរ៉ង់ឱ្យមកទស្សនានៅកម្ពុជា ដោយជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ចម្បង។
ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីអ៊ីរ៉ង់ឱ្យជួយសិក្សាលើកាតតភ្ជាប់ជើងហោះហើរត្រង់ នាពេលខាងមុខនេះ ខណៈភាគីទាំងពីរបានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរជាលក្ខណៈត្រីកោណពីអ៊ីរ៉ង់ចូលមកប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី និងបន្តមកកម្ពុជា ហើយកិច្ចការនេះនឹងពិភាក្សាលម្អិតនៅពេលក្រោយ។
ជាមួយគ្នានេះ លោក អាលី អាក់បារ ណាហ្សារី ក៏បានឯកភាពជាមួយភាគីកម្ពុជាលើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយកម្ពុជាជាអ្នកផ្ដួចផ្ដើម និងបានស្នើទៅកាន់ភាគីអ៊ីរ៉ង់កន្លងមករួចហើយ។ ភាគីទាំងពីរនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើវិស័យទេសចរណ៍ និងទន្ទឹមគ្នានោះក៏មានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ។
ពាក់ព័ន្ធនឹងវិស័យកីឡា អ៊ីរ៉ង់ក៏បានសន្យានឹងជួយផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងផ្ដល់បទពិសោធន៍ជួយគាំទ្រដល់ការបណ្ដុះបណ្ដាលផ្សេងៗលើវិស័យកីឡា៕