ព្រះវិហារ៖ ក្នុងគោលបំណងដើម្បីសង្គ្រោះបរិស្ថានប្រជាពលរដ្ឋនៅភូមិតាបស ក្នុងខេត្តព្រះវិហារបានងាកមករកទេសចរណ៍ធម្មជាតិ ដើម្បីរកចំណូលជំនួសវិញ ដោយសារអ្នកភូមិភាគច្រើនពឹងផ្អែកខ្លាំងលើការកាប់ឈើ។ ទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍។
លោក Ben Davis ស្ថាបនិកនៃគម្រោងទេសចរណ៍ធម្មជាតិ BeTreed បាននិយាយថា BeTreed គឺជាតំបន់ទេសចរណ៍ធម្មជាតិ ហើយវាត្រូវបានដំណើរការ និងថែរក្សាដោយអ្នកស្រលាញ់ បរិស្ថាន និងសហគមន៍មូលដ្ឋាន។ វាជាការអភិរក្សសត្វព្រៃ និងព្រៃឈើ។
លោក Davis ដឹកនាំអ្នករស់នៅក្នុងភូមិការពារព្រៃឈើ និងសត្វព្រៃដែលនៅជុំវិញនោះ ព្រោះថាតំបន់នេះឥឡូវត្រូវបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកទេសចរក្នុងស្រុក និងអន្តរជាតិមកផ្សងព្រេង ដែលនៅជុំវិញទីនេះមានព្រៃ និងភ្នំដ៏ស្រស់ស្អាត។ សកម្មភាពនេះក៏បានផ្តល់នូវរបរមួយដែលអ្នកភូមិអាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ ហើយបញ្ឈប់ការកាប់ឈើដោយខុសច្បាប់ និងបរបាញ់សត្វក្នុងការរកប្រាក់ចំណូល។
លោក Ben Davis បានឲ្យដឹងថា ដើមឈើធំៗដុះ១០០ ទៅ២០០ឆ្នាំ កំពុងងាប់ច្រើនណាស់ ដោយសាររាំងស្ងួត។ នៅលើភ្នំនេះ ពពៃ ផ្ចឹក ឧត្តម ជាឈើធំៗ ងាប់ប្រហែល៥០% ទៅ ៧០%ក្នុងពេលតែ២ ទៅ៣ឆ្នាំ។ នេះជាបញ្ហាធ្ងន់ណាស់ យើងគួរគិតទាំងអស់គ្នា ទាំងក្រុមហ៊ុន ទាំងប្រជាជន ព្រោះនៅពេលវាខូចហើយ វាហួសពេល។ វាពុំមែនទៅដាំ ដូចដើមធំៗដែលខ្ញុំថាហ្នឹង ឱ្យវាចាប់ដុះមកវិញបាននោះទេ ទោះពេញមួយក្នុងជីវិតយើង ឬកូនចៅយើង ក៏វាឥតធំដូចដើមដែរ។ ដូច្នេះ ជួយគិតទាំងអស់គ្នា ហើយពិចារណា ហើយអាណិត អនាគតកូនខ្លួនឯង៕