ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៧ កុម្ភៈ បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី១-ទី២(ដូសមូលដ្ឋាន) សម្រាប់កុមារនៅទូទាំងប្រទេស ដែលមានអាយុពី៣ដល់ក្រោម៥ឆ្នាំ។ការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២ តទៅ។
សម្តេច ហ៊ុន សែន បានថ្លែងថា សម្រាប់កុមារអាយុក្រោម៥ឆ្នាំ ដែលនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជា៧០ម៉ឺននាក់។ដូច្នេះកម្ពុជាមានភាពចាំបាច់ក្នុងការការពារកុមារ កុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុងនេះដែលសម្តេចបញ្ជាក់ថា គ្មានអ្វីដែលជាជម្រើសល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋាន សម្រាប់កុមារអាយុក្រោម៥ឆ្នាំនេះទេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញដល់កុមារពីអាយុ៥ឆ្នាំឡើង នឹងអនុវត្តចាប់ពីថ្ងៃទី២១កុម្ភៈ។ រីឯការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២តទៅ។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសសូមអញ្ជើញនាំកូនៗរបស់ខ្លួនទៅទទួលការចាក់វ៉ាកសាំងការពារកូវីដ-១៩។ហើយដំណើរការនេះនឹងចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសមូលដ្ឋានជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ៕