ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅថ្ងៃទី ១៨ កុម្ភៈនេះ បានរៀបចំវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២»។វេទិកានេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។លោក វង្សី វិស្សុត បានប្រកាសពីការព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងងើបឡើងវិញ លឿនលើសពីក្តីរំពឹងទុក។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងកូវីដ-១៩បានល្អប្រើសើរតាមរយៈការចាក់វ៉ាក់សាំងជូនដល់ប្រជាជនស្ទើរ១០០ភាគរយដែលបានបើកឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកបើកសេដ្ឋកិច្ចឡើងវិញ និង ងើបឡើងវិញនូវផ្នែកសេដ្ឋកិច្ច។
បើតាមលោក វង្សី វិស្សុត ការគ្រប់គ្រងកូវីដបានល្អនៅកម្ពុជា បានក្លាយជាប្រទេសគំរូនៅពិភពលោក ទោះបីកម្ពុជាជាប្រទេសក្រីក្រក្តី ហើយប្រទេសដ៏ទេបានកំពុងរៀនសូត្រពីកម្ពុជា។ការគ្រប់គ្រងកូវីដបានល្អនេះ បានជំរុញឱ្យការនាំចេញផលិតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងសេរីជាមួយចិន ជាមួយអាស៊ាន និងកូរ៉េខាងត្បូងជាដើម។
តែយ៉ាងណា លោក វង្សី វិស្សុត ក៏មានក្តីបារម្ភពីបញ្ហាមួយចំនួនពីជម្លោះភូមិសាស្ត្រនយោបាយដូចជា ជម្លោះនៅអ៊ុយក្រែន ជម្លោះចិន និងអាម៉េរិក និងជាពិសេសការដោះស្រាយបញ្ហាលុយក្រោមតុមួយចំនួនដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាព្យាយាមដោះស្រាយឱ្យបានល្អ ដោយមិនមែនត្រឹមតែកសាងផ្លូវតែមួយមុខនោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជាពិសេសក្រសួងសេដ្ឋកិច្ច និងក្រសួងនានា បានធ្វើវេទិកាពិគ្រោះយោបល់ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជារៀងរាល់ឆ្នាំស្តីពីច្បាប់ថវិកាជាតិ លើកលែងតែឆ្នាំដែលមានការរាតត្បាតនៃកូវីដ១៩នេះ។លោក វង្សី វិស្សុត បញ្ជាក់ថា ប្រទេសជាច្រើនដែលជម្រុញឲ្យកម្ពុជាធ្វើវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំថវិកាជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ គឺមិនបានធ្វើវេទិកាពិគ្រោះយោបល់ដូចជាកម្ពុជាទេ៕