
ភ្នំពេញ៖ បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងកូវីដប្រភេទថ្មីអូមីក្រុងក្នុងសហគមន៍កម្ពុជាបានចាប់ផ្តើមកើនឡើង ក៏ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា យល់ឃើញថា បើទោះបីជាអូមីក្រុងបានផ្តល់ការរំខានដល់ស្ថានប័ន និងគ្រឹះស្ថានផលិតកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏សេដ្ឋកិច្ចម្ពុជានៅតែអាចដំណើរការបាន។ សេដ្ឋកិច្ចកម្ពុជាអាចប៉ះពាល់ធ្ងន់ធ្ងរម្តងទៀតលុះត្រាតែមានការបិទខ្ទប់ពីអូមីក្រុង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ការឆ្លងអូមីក្រុងនៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ស្ថាប័នមួយចំនួនត្រូវបានផ្អាក ហើយគ្រឹះស្ថានផលិតកម្មមួយចំនួនទៀតនៅតែដំណើរការ ក៏ប៉ុន្តែត្រូវកាត់បន្ថយបុគ្គលិកបន្ទាប់ពីរកឃើញការឆ្លង។
លោកបណ្ឌិតបន្តថា ការឆ្លងអូមីក្រុងបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋមួយចំនួនឱ្យមានការព្រួយបារម្ភ ហើយអាចនឹងការកាត់បន្ថយការដើរហើរ ការចំណាយជាដើម ដែលបានធ្វើឱ្យធ្លាក់ចុះកម្លាំងសេដ្ឋកិច្ច ជាពិសេសគឺផ្នែកលក់រាយ និងការប្រើប្រាស់ទូទៅផងដែរ។
ទោះជាយ៉ាងណា លោកបណ្ឌិតអះអាងថា លុះត្រាតែមានការបិទខ្ទប់ ទើបសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់ ព្រោះបច្ចុប្បន្នយើងមិទាន់ដឹងច្បាស់ថាការរីកលូតលាស់នៃអូមីក្រុងអាចប៉ះពាល់កម្រិតណាដល់សុខភាពប្រជាពលរដ្ឋ ប៉ុន្តែគ្រាន់តែអាចដឹងថាសភាពនៃការចម្លងអូមីក្រុងគឺមានភាពឆាប់រហ័ស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦កុម្ភៈនេះ នៅទូទាំងប្រទេស មានករណីឆ្លងអូមីក្រុង ក្នុងសហគមន៍ នៅប្រទេសកម្ពុជា កើនឡើងដល់ជាង ៣០០០នាក់ហើយ៕