ភ្នំពេញ៖ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី៨ឧសភានេះ ប្រគល់នូវសម្ភារៈប្រឆាំងកូវីដ១៩មួយចំនួន សម្រាប់ប្រើប្រាស់លើការងារអន្តោប្រវេសន៍។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញទទួលសម្ភារៈនោះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម WANG WEN TIAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានចាត់ឲ្យលោក ZHANG PING មន្ត្រីទំនាក់ទំនងកិច្ចការនគរបាល ប្រគល់នូវសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់លើការងារអន្តោប្រវេសន៍ នាពេលនេះ ។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ស្ថានទូតចិនប្រចាំនៅកម្ពុជាតែងតែបានជួយឧបត្ថម្ភគាំទ្រ ដែលបានជួយសម្រាលដល់ការលំបាករបស់មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា ក្នុងស្មារតីសហប្រតិបត្តិការជួយគ្នាក្នុងគ្រាអាសន្នបានទាន់ពេលវេលា និងសូមគោរពជូន ឯកឧត្តម ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕