
ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តដ៏កម្ររបស់ខ្លួនក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើកម្ពុជាឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០៣០ខាងមុខនេះ។ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០២២។
អមជាមួយទិដ្ឋភាពនៃដែនជម្រកសត្វព្រៃព្រៃឡង់ពីលើអាកាស ក្រសួងបរិស្ថានបានអះអាងថា ព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្ត ៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ជាមួយនឹងភាពប្រសើរឡើងនៃការការពារនិងអភិរក្សធនធានធម្មជាតិ កម្ពុជាបានលក់ឥណទាននៅលើទីផ្សារស្ម័គ្រចិត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា និងតំបន់ជួរភ្នំក្រវាញ។
បើតាមក្រសួងបរិស្ថាន កម្ពុជាក៏កំពុងអនុវត្តគម្រោងឥណទានកាបូននៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយបាននិងកំពុងរៀបចំនីតិវិធីលើការលក់ឥណទានកាបូននៅតំបន់ផ្សេងទៀត។ ដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី ស្ទឹងត្រែង បាននិងកំពុងដំណើរការនីតិវិធីរៀបចំលក់ឥណទានកាបូនលើទីផ្សារ អន្តរជាតិ។
ក្រុមហ៊ុននានាសម្រេចទិញឥណទានកាបូនពីកម្ពុជាក៏ព្រោះកម្ពុជាបានការពារបានល្អប្រសើរនូវព្រៃឈើដែលខ្លួនមាន វិធានការថែរក្សា និងអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ។ កម្ពុជាបានកំណត់នូវទិសស្លោក «ថែរក្សាឈើឈរដើម្បីរកចំណូល» ដែលក្នុងនោះរួមមានការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាប្ដេជ្ញាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឱ្យបានពាក់កណ្ដាលនៅឆ្នាំ២០៣០ និងឈានទៅសម្រេចបាននូវការបញ្ចេញឧស្ម័នកម្រិតសូន្យក្នុងវិស័យព្រៃឈើនៅឆ្នាំ២០៤០៕