
ភ្នំពេញ៖ រយៈពេលពេល១ឆ្នាំក្នុងឆ្នាំ២០២១កន្លងទៅ បេឡាជាតិសន្ដិសុខសង្គម ហៅកាត់ថា (ប.ស.ស.) បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្រី្ដនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល គិតជាប្រាក់ដុល្លារជាង៦.៥លានដុល្លារ។នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិសន្ដិសុខសង្គមចេញផ្សាយនៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២២១។
យោងតាមរបាយការណ៍ បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ ក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩សហគ្រាសមានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។
ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។
ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្រី្ដនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារសរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩៕