សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា រដ្ឋបាលស្រុកអង្គរជុំ រដ្ឋបាលខេត្តសៀមរាបមន្ទីរអភិវឌ្ឈន៍ជនបទ និងក្រសួងអភិវឌ្ឍន៍ជនបទ មានសេចក្តីរីករាយក្នុងការអបអរសាទរពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកអង្គរជុំ ជាស្រុកដំបូងបំផុតដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តសៀមរាប។
ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិនិងមានប្រជាជនរស់នៅចំនួនជាង ១៥៧០០ ខ្នងផ្ទះ។ ក្នុងឆ្នាំ ២០១៦ មានតែ ៤៥% នៃគ្រួសារទាំងអស់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់បង្គន់។
ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការអនុវត្តអនាម័យនៅមានកម្រិតទាប ការបន្ទោបង់ពាសវាលពាសកាលជារឿងធម្មតា។ បន្ទាប់ពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលបួនឆ្នាំ ប្រជាជនទាំងអស់នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា។
គណៈកម្មាធិការវាយតម្លៃដែលមានសមាសភាពមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងស្រុកជិតខាងបានធ្វីការវាយតម្លៃស្រុកអង្គរជុំស្រុក ជាស្រុកដំបូងបំផុត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។
លក្ខខណ្ឌជម្រុញឱ្យស្រុកអង្គរជុំបានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ និងមានទម្លាប់អនុវត្តអនាម័យ ក្រោយពីបានចូលរួមយល់ដឹងអំពីការផ្សព្វផ្សាយបំផុសអំពីអនាម័យ។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា«ស្រុកអង្គរជុំក្លាយជាស្រុកដំបូងបំផុតនៅខេត្តសៀមរាបដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក៏ដោយសារកិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ជាមួយដៃគូអភិវឌ្ឍន៍នានា។ ឃុំបានវិភាជថវិកាមូលនិធិឃុំក្នុងការចូលរួមបដិភាគសាងសង់បង្គន់ និងផ្សព្វផ្សាយពីអនាម័យ។
លោក យី គីមថាន បានថ្លែងថា ឃុំ និងស្រុក ក៏បានលើករបៀបវារៈការងារទឹកស្អាត និងអនាម័យក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែ ដោយមានការគាំទ្របច្ចេកទេសពីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការបណ្តុះកុមារ និងអង្គការភ្លែនអន្តរជាតិបានចូលរួម និងផ្សព្វផ្សាយលើកកម្ពស់អនាម័យនៅស្រុក។
លោកបន្តថា៖ «ការលើកកម្ពស់អនាម័យមិនមែនគ្រាន់តែជាការសាងសង់បង្គន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការអប់រំដើម្បីផ្លាស់ប្តូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ផឹកទឹកដែលមានសុវត្ថិភាពនិងមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច៕