
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា បាននឹងកំពុងត្រៀមលក្ខខណ្ឌបច្ចេកទេស និង សិក្សាពីការងារនានា ដើម្បីចរចាជាមួយភាគីប្រទេសចិនឆ្ពោះទៅដល់កានាំចេញជ្រូករស់របស់ប្រទេសកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុននេះ។ការត្រៀមផែនការនេះ ធ្វើឡើងក្រោយពីកម្ពុជាទទួលបានជោគជ័យសម្រាប់ការផ្គត់ផ្គង់ជ្រូករស់នៅក្នុងទីផ្សាររបស់ខ្លួនអស់រយៈពេលជាច្រើនខែមក។នេះបើយោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ភាសាខ្មែរ។
ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការផ្គត់ផ្គង់ជ្រូកក្នុងប្រទេសកម្ពុជា គឺទទួលបានជោគជ័យដោយក្នុងរយៈពេល៣ខែចុងក្រោយនេះ ប្រទេសកម្ពុជាអាចផ្គត់ផ្គង់ជ្រូករស់បាន១០០ភាគរយសម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាល ដែលមានបំណងកាត់បន្ថយការនាំចូលសត្វជ្រូកពីខាងក្រៅប្រទេស។
បើតាម ឯកឧត្តម វេង សាខុន ផែនការរបស់ក្រសួងកសិកម្មនៅពេលខាងមុខក្នុងករណីកម្ពុជានៅតែអាចមានសមត្ថភាពផ្គត់ផ្គង់ជ្រូករស់បានដោយខ្លួនឯងលើសពី១០០ភាគរយ ផែនការបន្ទាប់គឺនាំចេញជ្រូកទៅក្រៅប្រទេសដែលនេះ ឯកឧត្តម ចាត់ទុកថា ជាការងារធ្វើដោយដោយជំហានៗ។
យោងតាមរបាយការណ៍ពីសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ចាប់ពីឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនរកស៊ីចិញ្ចឹមជ្រូកមានចំនួនជិត២០០ក្រុមហ៊ុន ដែលចំនួននេះបានកើនឡើង ក្រោយពីមានការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនការចិញ្ចឹមក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។នេះបើតាមឯកឧត្តម វេង សាខុន។
ឯកឧត្តម វេង សាខុន អះអាងថា បច្ចុប្បន្ននេះ ក្រោយពីក្រសួងកសិកម្មជោគជ័យក្នុងការផ្គត់ផ្គង់ជ្រូកក្នុងស្រុក ក្រសួងកំពុងសិក្សាស្រាវជ្រាវការងារបច្ចេកទេស និង លក្ខខណ្ឌនានា ដើម្បីដាក់ផែនការនាំចេញសត្វជ្រូករស់ទៅកាន់ទៅផ្សារប្រទេសចិន ហើយក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។
តែយ៉ាងណាក៏ដោយ ដើម្បីជំរុញដល់ដំណើរការនេះទៅលឿន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុនប្រទេសចិនចូលមកវិនិយោគលើវិស័យនេះនៅកម្ពុជា។សម្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្ម មានតែក្រុមហ៊ុនចិនទេដែលដឹងច្បាស់ពីលក្ខខណ្ឌបច្ចេកទេស សម្រាប់នាំចេញជ្រូករស់ទៅកាន់ទីផ្សារប្រទេសចិន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកសារទរនឹងចំណាត់ការរបស់ក្រសួងកសិកម្ម ដែលសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាង ព្រោះវាបានបើកឱកាសដល់ពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក ។លោកថា រយៈពេល៥ខែដែលក្រសួងផ្អាកនាំចូលជ្រូកពីក្រៅប្រទេស ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារកម្ពុជា គឺបានគ្រប់គ្រាន់អត់ខ្វះនោះទេ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសដែលទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០បានលើកទឹកចិត្តឲ្យកសិករ និងក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញថែមទៀតនាពេលខាងមុខ។ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញនូវកញ្ចប់ថវិកាចំនួន៥០លានដុល្លារ (ហាសិបលានដុល្លារអាមេរិក) ដែលមានការប្រាក់ទាបតាមរយៈធនាគារកសិកម្ម និង អភិវឌ្ឍន៌ជនបទជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វផងដែរ៕