
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ៤ កុម្ភៈ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។
បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការពារផលប្រយោជន៍របស់ប្រជាកសិករ ការគ្រប់គ្រង ការការពាររុក្ខជាតិ និង ការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃ ចំពោះធនធានរុក្ខជាតិ និង ផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។
លោកបន្តថា សេចក្តីព្រៀងច្បាប់នេះនឹងជួយរក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យ តាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះសុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។ ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា នៅពេលកន្លងទៅកម្ពុជា មានការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតជាដើម និង បានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម៕
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”នឹងផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី និងជួយសម្រួលការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវទំនិញជារុក្ខជាតិ និងផលិតផលរុក្ខជាតិនានា៕