Cctimesw1140xh150cm copy

ចិនគ្រោងបង្កើនការនាំចូល«ផ្លែស្វាយស្រស់»ពីកម្ពុជានៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្លែស្វាយស្រស់ដែលកម្ពុជាបាននាំចេញទៅប្រទេសចិននាពេលកន្លងទៅ (រូបភាព៖ @សហការី)

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនបានប្រមាណជាង២០០តោន ហើយជាផ្លែស្វាយមានគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។នៅឆ្នាំ២០២២នេះ ចិនគ្រោងបង្កើនការនាំចូល«ផ្លែស្វាយស្រស់»ពីកម្ពុជាផងដែរ។

លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រាប់ស៊ីស៊ីថាមស៍ ការនាំចេញផ្លែស្វាយខុសរដូវទៅចិន បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១ ហើយសម្រាប់ឆ្នាំ២០២២នេះ ការនាំចេញផ្លែស្វាយស្រស់ទៅចិននឹងសម្រេចបានបរិមាណនាំចេញច្រើនជាងឆ្នាំ២០២១ដែលសម្រេចបានប្រមាណជាង២០០តោនតែប៉ុណ្ណោះ។

បើតាមលោក កែ មុន្ធីវុធ ការនាំចេញស្វាយសម្រេចបានជាង២០០តោននេះ គឺដោយសារតែផ្លែស្វាយកម្ពុជានៅចុងរដូវ អស់ផ្លែស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។

ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និង បន្លែសុវត្ថិភាព បានប្រាប់ស៊ីស៊ីថាមស៍ថា សម្រាប់ឆ្នាំ២០២២នេះ ចិនមានគ្រោងនាំផ្លែស្វាយពីកម្ពុជាច្រើនជាងមុន ព្រោះក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅចិន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាកាន់តែមានឱកាសច្រើនក្នុងការនាំចេញស្វាយស្រស់ ក៏ដូចជាផលិតពីផ្លែស្វាយទៅកាន់ទីផ្សារចិន។

បើតាមអ្នកជំនួញរូបនេះ ចន្លោះពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ កម្ពុជាមិនមានផលិតផលស្វាយស្រស់សម្រាប់នាំចេញទៅចិនទេ ហើយបើមានក៏ស្ថិតនៅក្នុងចំនួនតិចបំផុត ព្រោះវាជាពេលចុងរដូវកាលផ្លែស្វាយ ជារួមគឺមានតែផលិតផ្លែស្វាយកែច្នៃតែប៉ុណ្ណោះដែលអាចនាំទៅចិនបានមានដូចជា តំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយ។ ប៉ុន្តែ ចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ទៅទីផ្សារចិនបានជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ផ្លែស្វាយស្រស់មានចំនួន ២២៦ ៥៧៧,៧១តោន (កើនឡើងចំនួន ១៤៩,៥៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៩៣ ៧២២,៣៧តោន, ប្រទេសថៃចំនួន ៣២ ០១៩,២៨តោន, ប្រទេសចិនចំនួន ៦៣៨,១៤តោន ប្រទេសកូរ៉េចំនួន ១៣០,៩២តោន, ទីក្រុងហុងកុងចំនួន ៥០,៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន ០,០១តោន។

គួរបញ្ជាក់ថា កម្ពុជាចាប់ផ្តើមនាំផ្លែស្វាយស្រស់ទៅចិនជាផ្លូវការ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា សម្រាប់ឆ្នាំ២០២១នេះ កម្ពុជាមានគម្រោងនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ ១០០.០០០ តោន ប៉ុន្តែចំនួននេះវានឹងកើនឡើងច្រើននៅឆ្នាំក្រោយ ដោយសារកម្លាំងនៃការផលិតរបស់កម្ពុជាប្រមានជា១លាន៥សែន ទៅ១លាន ៦សែនតោនក្នុងមួយឆ្នាំ តាមអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង