កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា អនុវត្តតាមការសន្យាដែលឯកឧត្តម បានលើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលបានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ។ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់ តាមការសន្យាកន្លងមក។
សូមបញ្ជាក់ថា តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤,៥៥៥នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ៣៣នាក់ និទ្ទេស B ចំនួន ១៥៣នាក់ និទ្ទេស C ចំនួន ៤៥៦នាក់ និទ្ទេស D ចំនួន ៩៨៥នាក់ និទ្ទេស E ចំនួន ១៣៥២នាក់៕