
ព្រឹត្តិការណ៍អន្តរជាតិ៖ នៅក្នុងរយៈពេលមួយសប្ដាហ៍នេះ ប្រទេសរុស្ស៊ី និង សម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមបង្ហាញកម្លាំងទ័ព និង ជំហររបស់គ្នាទៅវិញទៅមក តាមរយៈការធ្វើសមយុទ្ធ និង ផ្ដល់ជំនួយទៅកាន់អ៊ុយក្រែន ដែលធ្វើឲ្យបញ្ហាដ៏ក្ដៅគគុកនេះ កាន់តែឡើងកំដៅបន្ថែមទៀត។បញ្ហានេះ បាននាំមានការព្រួយបារម្ភពីប្រជាពលរដ្ឋទូទៅនៅតំបន់ជម្លោះនោះ។
ស្ថានការណ៍ នៅព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងតែឡើងក្តៅខ្លាំង ដែលបានបង្ខំចិត្តឱ្យលោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការប្រទេសអាមេរិក បានប្រញ៉េបប្រញ៉ាប់ធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីព្យាយាមរកច្រកផ្លូវចរចាមួយ ជាមួយអ៊ុយក្រែន និងរុស្ស៊ី។
រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីចង់ឲ្យសហរដ្ឋអាមេរិក និងណាតូ បញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយសន្យាលើចុះហត្ថលេខាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនអ៊ុយក្រែន។ ដោយសារភាពខុសគ្នារបស់ពួកគេ បានធ្វើឲ្យភាគីទាំងពីរមិនបានស្វែងរកដំណោះដោះស្រាយណាមួយឡើយ។
នៅប៉ុន្មានថ្ងៃបន្ទាប់ពីការចរចាមិនបានសម្រេចរុស្ស៊ី និង បេឡារុស្សនឹងធ្វើសមយុទ្ធយោធារួមគ្នានៅខែក្រោយក្នុងប្រទេសបេឡារុស្ស ភាគខាងលិចនៃព្រំដែនជាមួយប្រទេសប៉ូឡូញ និង ភាគខាងត្បូងប្រទេសលីទុយអានី ពិសេសនៅជិតប្រទេសអ៊ុយក្រែន ដើម្បីអនុវត្ត "ការការពារប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ"។
ចំណែកអាមេរិកបានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែនបន្ថែមចំនួន ២០០លានដុល្លារ និងបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ 'Javelin' ចំនួន ៣០ ឈុត និងមីស៊ីលចំនួន ១៨០ ទៅកាន់ប្រទេសអ៊ុយក្រែន។
រីឯចក្រភពអង់គ្លេសក៏ឆ្លើយតបដោយការបញ្ជូនមីស៊ីលប្រឆាំងរថក្រោះចំនួន ២,០០០ គ្រឿង និងទាហានអង់គ្លេសប្រហែល ៣០ នាក់ទៅកាន់អ៊ុយក្រែន ដើម្បីជួយបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
សម្ព័ន្ធមិត្ត និងដៃគូរបស់ណាតូ(NATO) បានប្រកាសនាពេលថ្មីៗនេះផងដែរថា បណ្ដាប្រទេសរបស់ណាតូនឹងរៀបចំសមយុទ្ធដ៏ធំមួយ នៅក្នុងតំបន់អាកទិកនាពេលឆាប់ៗនេះ ដែលពាក់ព័ន្ធនឹងក្រុមនាវាផ្ទុកយន្តហោះចម្បាំងទី ៨ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាបេសកកម្មរបស់ប្រទេសប្លុកយោធា។
សមយុទ្ធនេះ មានឈ្មោះថា«ការឆ្លើយតបត្រជាក់ ២០២២» ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Harry S Truman។ អាមេរិក បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា ការឆ្លើយតបត្រជាក់គ្រោងនឹងចាប់ផ្តើមនៅខែមីនា ហើយនឹងប្រមូលផ្តុំទាហាន ៣៥.០០០ នាក់មកពីចំនួន ២៨ ប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញសាច់ដុំដាក់គ្នា និងការបង្ហាញជំហរផ្ទុយគ្នាទៅវិញទៅមក បានធ្វើឲ្យបញ្ហាអ៊ុយក្លាយជាបញ្ហាដ៏ក្ដភគគុកនៅលើពិភពលោក ដោយអាមេរិកគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីជាថ្នូរនឹងការឲ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនអ៊ុយក្រែន។ ប៉ុន្តែប្រទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់ខាតថា ការដាក់ទ័ពនៅជិតព្រំដែនអ៊ុយក្រែន គឺដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន នឹងការពារការពង្រីកខ្លួនរបស់អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក៕