Cc time web banner 054637

រដ្ឋមន្ត្រីទេសចរណ៍«អាស៊ាន»ប្រកាសបើកទេសចរណ៍ផ្ទៃក្នុងឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នៅក្នុងឱកាសប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៩ ខែមករា បានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីខេត្តព្រះសីហនុ។ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ មានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ។

ការបើកអាស៊ានឡើងវិញនេះ ត្រូវឈរលើគោលការណ៍មួយចំនួនដូចជា៖ ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និង បង្កើតនូវកាតវ៉ាក់សាំងឌីជីថល។ កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពស៉ាំងសហគមន៍ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ ចំពោះការបើកឱ្យមានទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ដោយសម្តេចជំរុញរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និង ឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ចេញពីទីក្រុងព្រះសីហនុ។

តែយ៉ាងណា ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញនេះ ដោយសម្តេចណែនាំថា គឺចាំបាច់ត្រូវធានា ឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។

គួរបញ្ជាក់ថា មុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន មានកំណើនទេសចរប្រចាំឆ្នាំក្នុងរង្វង់ ៦ % ហើយត្រឹមឆ្នាំ ២០១៩ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០ លាននាក់ និងចូលរួមប្រមាណ ១០% នៃ GDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង