Yearendyearend1140x150

សំបុត្រយន្តហោះពីកម្ពុជាទៅចិននៅតែមានតម្លៃថ្លៃខ្ទង់ជាង៥ពាន់ដុល្លារក្នុងមួយជើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖ សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានការឡើងថ្លៃខ្ទង់ជាង៥ពាន់ដុល្លារក្នុងមួយជើង ដែលតម្លៃនេះបានបង្កការលំបាកដល់អ្នកធ្វើដំណើរមួយចំនួនជាពិសេសភ្ញៀវទេសចរចិនដែលចង់មកដំណើរកំសាន្តនៅកម្ពុជា។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍។

ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា សំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន នៅតែមានការឡើងថ្លៃខ្ពស់ ដោយក្នុងមួយជើងមានតម្លៃជាមធ្យម៥៥០០ដុល្លារ ហើយបើគិតតម្លៃទាំងទៅមក (ពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិន) មានតម្លៃជាង១ម៉ឺនដុល្លារ។

ឯកឧត្តមក៏បានបន្តថា ចំពោះស្ថានភាពជើងហោះហើរមកកម្ពុជាគឺមានការប្រែប្រួលតាមសប្តាហ៍ ព្រោះក្រុមហ៊ុនខ្លះហោះមួយថ្ងៃមួយជើង រីឯក្រុមហ៊ុនខ្លះទៀតហោះហើរមួយសប្តាហ៍៣-៤ជើង។ ទន្ទឹមនឹងនេះ ដើម្បីសម្គាល់ឱ្យបានជាក់លាក់គឺមានតែចំនួនភ្ញៀវតែប៉ណ្ណោះ ជារួមភ្ញៀវដែលចេញចូលមកកម្ពុជាតាមច្រកអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ជាមធ្យមមានចំនួនចន្លោះពី៧០០នាក់ ទៅជាង១០០០នាក់ក្នុងមួយថ្ងៃ។

ឯកឧត្តមបញ្ជាក់ថា ក្រោយពីកម្ពុជាបានបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ភ្ញៀវដែលមកកម្ពុជាភាគច្រើនគឺមកពីខាងអាមេរិក អឺរ៉ុប អូស្រ្តាលី ក្នុងគោលបំណងសួរសុខទុក្ខ សិស្ស និស្សិត ហើយក៏មានអ្នកវិនិយោគ អ្នកកាទូត និងទេសចរមួយចំនួនផងដែរ។

គួរបញ្ជាក់ថា នាពេលកន្លងទៅសំបុត្រយន្តហោះពីប្រទេស កម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ ដុល្លារក្នុងមួយជើង។ ប៉ុន្តែបច្ចុប្បន្ននេះ សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន បានទម្លាក់ថ្លៃមកត្រឹមជាង៥ពាន់ដុល្លារ។ ការទម្លាក់ថ្លៃនេះ ធ្វើឡើងក្រោយពីបានការសម្របសម្រួលពីស្ថានទូតចិនប្រចាំនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលជាក្រុមហ៊ុនតែមួយគត់ដែលធ្វើការហោះហើរទៅកាន់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង