Yearendyearend1140x150
Img 0571

ប្រតិភូអន្តរជាតិ១២៣រូបចូលរួម«វេទិកាទេសចរណ៍អាស៊ាន»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី ១៦ មករា បានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅខេត្តព្រះសីហនុ កម្ពុជា បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ។មន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ បានចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប។

 គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករានេះ ការងាររៀបចំព្រឹតិ្តការណ៍ «វេទិកាទេសចរណ៍អាស៊ាន» បានសម្រេចរួចរាល់តាមការគ្រោងទុក ទាំងការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើកកម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ 

បើតាមរដ្ឋបាលខេត្តព្រះសីហនុ រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់ មកពីប្រទេសចំនួន២៧។

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) រៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន -ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រម ទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះ ជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង