Yearendyearend1140x150
Img 0571

រដ្ឋមន្ដ្រីក្រសួងកសិកម្ម៖ វិស័យកសិកម្មជួបបញ្ហាប្រឈមជាច្រើន ទោះបីមានសន្ទុះរីកចម្រើនក្តី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម។

ថ្លែងកិច្ចប្រជុំស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ឧត្តម វេង សាខុន បានលើកឡើងថា ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។

លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ហេតុនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាននិងកំពុងរៀបចំឡើង ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង