Cctime 6monthsfree desktop
Cc times  web banner kh (2)

ការស្លាប់របស់វីរកណ្តុរហិតមីនMagawaបានល្បីដល់សារព័ត៌មានជាច្រើនលើពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ APOPO

ភ្នំពេញ៖ វីរកណ្តុរ Magawa ជាប្រភេទកណ្តុរយក្សអាហ្រ្វិក ដែលទទួលបានមេដាយមាស HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជាអស់រយៈពេល៥ឆ្នាំ បានបាត់បង់ជីវិតក្នុងសប្តាស៍នេះ។ ការស្លាប់របស់វីរកណ្តុរហិតមីន Magawa បានធ្វើឲ្យមានការចាប់អារម្មណ៍ទៅដល់សារព័ត៌មានល្បីជាច្រើននៅលើពិភពលោកបានចុះផ្សាយ។

ក្នុងនោះមានសារព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកដូចជា BBC បានចាប់ចំណងជើងថា «Magawaជាសត្វកណ្តុរហិតមីនបានស្លាប់នៅអាយុប្រាំបីឆ្នាំ»។ អមជាមួយនឹងចំណងជើងនោះ សារព័ត៌មាន BBC បានសរសេរថា ក្នុងបេសកកម្មហិតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាអស់រយៈពេល៥ឆ្នាំ Magawa បានរកឃើញគ្រាប់មីនច្រើនជាងគេបំផុតក្នុងអាជីពរបស់ខ្លួនប្រមាណជាង១០០គ្រាប់។

ចំណែកសារព័ត៌មាន CNN បានចាប់អារម្មណ៍ចុះផ្សាយព័ត៌មាន ដោយបានផ្តើមចំណងជើងថា «Magawa ជាវីរកណ្តុររហិតមីនបានស្លាប់ហើយ»។ ក្នុងខ្លឹមសារអត្ថបទដែលបានចុះផ្សាយដោយ CNN បានសរសេរថា អង្គការAPOPO បានចេញសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ការស្លាប់របស់វីរកណ្តុរហិតមីន Magawa ដែលជាវីរកណ្តុរដែលខិតខំបំពេញបេសកកម្មហិតមីន នៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។

ជាមួយគ្នានោះ គេឃើញមានសារព័ត៌មានជាច្រើននៅលើពិភពលោកផ្សេងទៀត បានចុះផ្សាយពីការស្លាប់របស់វីរកណ្តុរហិតមីន Magawa អមជាមួយសារចូលរួមរំលែកទុក្ខ និងខ្លឹមសាររៀបរាប់ពីការពលី និងការខិតខំប្រឹងប្រែងរុករកគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា រហូតដល់បាត់បងជីវិត។

សូមជម្រាបថា Magawa វីរកណ្តុរហិតមីន HeroRat បានបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយក្នុងអាយុ៨ឆ្នាំ។ គេជាម្ចាស់កំណត់ត្រាកណ្តុរដែលរកឃើញមីនច្រើនជាងគេបំផុតក្នុងអាជីពរបស់ខ្លួន ពោលគឺ៧១គ្រាប់។ នេះបើតាមការកត់សម្គាល់របស់ Guinness World Records។

ក្រៅពីម្ចាស់កំណត់ត្រាក្នុង Guinness Book វីរកណ្តុរ Magawa គឺជាសត្វដំបូងបំផុតក្រៅពីសុនខ ដែលទទួលបានមេដាយមាសការងារ PDSA Gold Medal ពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស។ មេដាយនេះ មានតម្លៃស្មើមេដាយ George Cross Medal សម្រាប់មនុស្សផងដែរ។

ការរួមចំណែកដ៏ធំធេងរបស់Magawa ដែលបានចូលនិវត្តកាលពីខែមិថុនា ឆ្នាំ២០២១ រួមចំណែកជួយដល់ពលរដ្ឋកម្ពុជាជាច្រើនរស់នៅដោយរីករាយ និងគ្មានការភ័យខ្លាច។ កាលពីថ្ងៃទី១១ ខែមករា អង្គការ APOPO បានប្រកាសពីដំណឹងមរណភាពរបស់វីរកណ្តុរ ក្រោយពីការចុះខ្សោយសុខភាព ដោយស៊ីតិច និងដេកច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង