
ភ្នំពេញ៖ ក្នុងរយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,១៥១នាក់។ រីឯគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖រាជធានីភ្នំពេញ ៥៥,៨៤២នាក់, ខេត្តព្រះសីហនុ ១២,៥៨៥នាក់, ខេត្តសៀមរាប ១០,១៤៨នាក់
ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់, ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់, ខេត្តបាត់ដំបង ៨,៣៦៥នាក់, ខេត្តស្ទឹងត្រែង ៨,៣១០នាក់, ខេត្តកែប ៨,១៣៥នាក់ និងខេត្តកំពត ៨,០៨២នាក់។
បន្ថែមពីនេះឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ខ្លួនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកំសាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។
ជាមួយនឹងចំនួនភ្ញៀវទេសចរដើមកម្សាន្តនេះដែរ ឯកឧត្តមបានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។
ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្តនាចុងសប្តាហ៍នេះជំនួសថ្ងៃឆ្លងឆ្នាំសាកល ដោយសារពួកគាត់បានជ្រើសរើសការជួបជុំក្រុមគ្រួសារជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញនៅតាមគោលដៅនានានាឱកាសឆ្លងឆ្នាំសាកល»៕