ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ មករានេះ បានចេញសារព្រមានពីការបិទក្រុង ឬប្រទេសឡើងវិញ ក្នុងករណីជំងឺកូវីដបំប្លែងខ្លួនថ្មី«អីមីក្រុង»ឆ្លងចូលសហគមន៍។ការព្រមាននេះធ្វើឡើងខណៈពេលក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញកូវីដបំប្លែងខ្លួនថ្មីប្រភេទ«អីមីងក្រុង»ចំនួន៩ករណីទៀតកាលពីថ្ងៃទី៤មករា ជាករណីនាំចូលដែលនាំយចំនួនអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីនៅកម្ពុជាកើនដល់ ៩៤ ករណី។
រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។សម្តេច ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ ហើយអ្នកឆ្លងកូវីដប្រភេទថ្មីមិនថា អ្នកតូចឬអ្នកធំ គឺដាច់ខាតត្រូវតែបញ្ជូនទៅព្យាបាលនៅពេទ្យ។
សម្តេច ហ៊ុន សែន បានចេញជាការព្រមានថា "បើហ៊ានតែចូលក្នុងសហគមន៍ ត្រូវបិទបន្តទៀត ដើម្បីកាត់ផ្តាច់មានតែវិធីតែមួយគត់គឺឱ្យនៅក្នុងផ្ទះតែម្តង។ចឹងតើឥឡូវសុខចិត្តទេ?"
សម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងចូលរួមការពារកុំឱ្យឆ្លងកូវីដ-១៩ និងសុំការយោគយល់ដល់ប្រជាពលរដ្ឋដែលបានឆ្លងកូវីដអូមីក្រុងផងដែរ។សម្រាប់សម្តេចវិធានការនេះ រៀបចំឡើងក្នុងគោលបំណងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជាទាំងមូល។
យោងតាមក្រសួងសុខាភិបាលកម្ពុជា បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពធ្ងន់កំពុងព្យាបាលនៅបន្ទប់ ICU នៅសល់ចំនួន១២៦នាក់ ដោយសរុបអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មាន ជាង៥០០នាក់។បច្ចុប្បន្នកម្ពុជានឹងត្រូវសាងសង់មជ្ឈមណ្ឌលធំមួយបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនអោយពលរដ្ឋខ្វះកន្លែងព្យាបាលនោះទេ៕