
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ(National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣ តោន គិតជាទឹកប្រាក់មានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិក។
តាមរយៈនៃការបូកសរុបជាបឋមបានឲ្យដឹងថាតម្លៃនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់គោលដៅទីផ្សារក្រៅប្រទេស ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ មានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារ ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ៥២៧ ៥៩៣ ៩៩៥ ដុល្លារ, ការនាំចេញស្រូវមានចំនួន ៦៣១ ៤០៧ ៨២២ ដុល្លារ។
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ ដុល្លារ, ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ដុល្លារ, ការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៥ ០១៤ ដុល្លារ, ការនាំចេញឈើអារនិងសត្វស្វារ ៣៥ ៣៣៥ ៦៦៧ ដុល្លារ, ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០ដុល្លារ។
សូមជម្រាបថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅកាន់ទិសដៅ៦៨ប្រទេសគឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោន។ ដោយឡែកការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ២០២១ បរិមាណអង្ករនាំចេញមានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨%បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន៕