
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញរបាយការណ៍ស្ដីពី«វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២»។ក្នុងរបាយការណ៍នេះ ធនាគារជាតិព្យាករណ៍ថា«សេដ្ឋកិច្ចកម្ពុជា»នឹងងើបឡើងក្នុងអត្រា៥ភាគរយក្នុងឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺដោយសារមានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និង ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។
ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។នេះបើតាមធនាគារជាតិនៃកម្ពុជា។
ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុករួមមាន ការដឹកជញ្ជូន និងទេសចរក្នុងស្រុករំពឹងថា កើនឡើងជាលំដាប់ នឹងមានឥទ្ធិពលវិជ្ជមានលើភាពប្រសើរឡើងនៃវិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន និងសេវាគាំទ្រផ្សេងៗ។
ទន្ទឹមនឹងនេះ ធនាគារជាតិក៏បានប្រមាននៅបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធនឹងហានិភ័យនៃសេដ្ឋកិច្ចកម្ពុជា ដូចជា ការរីករាលដាលកូវីដប្រភេទថ្មី ការកើនឡើងបំណុលសាជីវកម្មគ្រួសារ បញ្ហាសំណង់ និងអចលទ្រព្យអាចប្រឈមដោយសារភាពមិនច្បាស់លាស់នៃអ្នកនិវិយោគ និងការប្រែប្រួលអាកាសធាតុជាដើមដែលប៉ះពាល់ដល់វិស័យកសិកម្ម។