Cctimesw1140xh150cm copy

មណ្ឌលយុវនីតិសម្បទាខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល (រូបភាព៖ ក្រសួងមហាផ្ទៃ)

កណ្តាល៖ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធនានា។ មណ្ឌលយុវនីតិសម្បទានេះ គឺសំដៅទទួលយកអនីតិជនដែលទំនាស់នឹងច្បាប់ ដើម្បីអប់រំ និងកែប្រែឱ្យក្លាយជាយុវជនល្អនៅក្នុងសង្គមកម្ពុជាយើងឡើងវិញ។

នៅក្នុងឱកាសនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ការកសាងមណ្ឌលយុវនីតិសម្បទា ពិតជាមានសារៈសំខាន់ ដែលជាទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលលើការជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន តាមរយៈការពង្រឹងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាល និងការស្តារនីតិសម្បទាស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ។

ឯកឧត្តមបញ្ជាក់ថា មណ្ឌលនេះ មានសមត្ថភាពទទួលអនីតិជនបានរហូតដល់ជាង ១០០០នាក់ ដែលជាចំណែកមួយជួយរំដោះអនីតិជនដែលបានដាក់នៅតាមពន្ធនាគាររាជរាជធានី -ខេត្ត កន្លងមក។

ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថាមណ្ឌលនេះ ពុំត្រឹមតែជាកន្លែងទុកដាក់អនីតិជនប្រព្រឹត្តល្មើសខុសនឹងច្បាប់ប៉ុណ្ណោះទេ តែជាកន្លែងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សសម្រាប់សង្គមជាតិនាពេលអនាគត ស្របតាមឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាល ជាពិសេសក្នុងការឈានទៅសម្រេចគោលដៅ “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលកន្លងមក កម្ពុជាយើងមិនទាន់មានមណ្ឌលបែបនេះនៅឡើយទេ។ មណ្ឌលយុវនីតិសម្បទានេះ គឺសំដៅទទួលយកអនីតិជនដែលទំនាស់នឹងច្បាប់ ដើម្បីអប់រំ និងកែប្រែឱ្យក្លាយជាយុវជនល្អនៅក្នុងសង្គមកម្ពុជាយើងឡើងវិញ៕

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង