ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិនកម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំធ្វើការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីថ្នាក់ដឹកនាំអាណត្តិទី៦ ហើយអ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានសមាជិក និង ថ្នាក់ដឹកនាំទាំងអស់ប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យជាប់ឆ្នោតបន្តជាប្រធានសមាគមសម្ព័ន្ធខ្មែរចិនបន្តទៀត។
ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន កាលពីថ្ងៃទី១០ ធ្នូ បានបើកកិច្ចប្រជុំមួយពិភាក្សាលើការរៀបចំធ្វើការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីថ្នាក់ដឹកនាំអណត្តិទី៦របស់សមាគម។នៅក្នុងកិច្ចប្រជុំនោះ សមាជិកបានប្រកាសគាំទ្រជាឯកច្ឆ័ន្ទដល់អ្នកឧកញ៉ា ពុង ឃាវសែ ឱ្យជាប់ឆ្នោតបន្តជាប្រធានសមាគមអណត្តិទី៦ជាបន្តទៀត។
ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិនសុទ្ធតែយល់ឃើញថា ក្រោមការដឹកនាំដោយអ្នកឧកញ៉ា ពុងឃាវ សែ នាំឱ្យសមាជិកទាំងអស់នៅក្នុងសមាគមមានការសាមគ្គីគ្នាជាធ្លុង និង សម្រេចបានលទ្ធផលជាផ្លែផ្កាដ៏ត្រចេះត្រចង់។
សូមរំលឹកជូនថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយប្រជាពលរដ្ឋសែស្រឡាយចិននៅកម្ពុជា។គិតមកដល់បច្ចុប្បន្ននេះ មានរយៈជាង ៣១ឆ្នាំហើយ ហើយជាង៣១ឆ្នាំមកនេះ សមាគមសម្ព័ន្ធខ្មែរចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទងអ្នកវិនិយោគ និងទេសចរទ្រទ្រង់ និង អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរ។
គិតត្រឹមឆ្នាំ២០២១នេះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា មានសមាជិកចំណុះ១៥០សមាគម និងមានសាលារៀនភាសាចិនដែលជាចំណុះដល់ទៅជាង៦០សាលាទូទាំងប្រទេស។សមាគមសម្ព័ន្ធខ្មែរចិន តែងតែប្រមូលផ្តុំសមាគមខ្សែស្រឡាយចិនទាំងអស់មានការរួមសាមគ្គីគ្នា កសាង និង អភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈការចូលរួមរក្សានូវទំនៀមទំលាប់ និង វប្បធម៌រស់នៅ ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនភាសិនចិន ធ្វើការទាក់ទងពាណិជ្ជកម្ម និង វិនិយោគជាមួយបរទេសជាដើម។
ជាងនេះទៅទៀត សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់ រៀបចំវេទិកាវិនិយោគ និង ធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិនពីបរទេសរាប់រយនាក់មកចូលរួម បានធ្វើជាស្ពានមេត្រីភាពក្នុងការទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដើម្បីផលប្រយោជន៍ សម្រាប់ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកម្ពុជា នឹងទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេច ហ៊ុន សែនជាច្រើនដងផងដែរ៕