លោកស្រី Yao Lixuan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តចិនប្រចាំទីក្រុងជេយ៉ាង និងជាប្រធានសមាគមមិត្តភាពជាមួយជនជាតិចិននៅក្រៅប្រទេសនៃទីក្រុងជេយ៉ាង នៅថ្ងៃទី ១៦ កញ្ញា បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ជាជំនួបផ្លាស់ប្តូរយោបល់អំពីការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងជេយ៉ាង ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។
ចាប់ផ្តើមនៃជំនួប លោកស្រី Yao Lixuan បានថ្លែងពីមិត្តភាពកម្ពុជា-ចិន មានប្រវត្តិយូរអង្វែង ហើយសហគមន៍ជនជាតិចិននៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍការអប់រំភាសាចិន ពង្រឹងសាមគ្គីភាពក្នុងសហគមន៍ ចូលរួមការងារមនុស្សធម៌ និងជំរុញមិត្តភាពកម្ពុជា-ចិន។
បន្ថែមពីនេះ លោកស្រីក៏បានលើកទឹកចិត្តឱ្យ សហគមន៍ជនជាតិចិននៅកម្ពុជា បន្តដើរតួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញការវិនិយោគ ការផ្លាស់ប្តូរធនធាន និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងជេយ៉ាង។
ជាការឆ្លើយតប លោកអ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ទីក្រុងជេយ៉ាង ដែលតែងតែយកចិត្តទុកដាក់ចំពោះសមាគម និង សហគមន៍ជនជាតិចិននៅកម្ពុជា។
បើតាមលោកអ្នកឧកញ៉ា បានអះអាងថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងទីក្រុងជេយ៉ាង ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ព្រមទាំងបន្តប្រមូលផ្តុំកម្លាំងសហគមន៍ជនជាតិចិនដើមកំណើតឆាវចូវនៅកម្ពុជា ឱ្យចូលរួមចំណែកដល់ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
គួរបញ្ជាក់ថា ទីក្រុងជេយ៉ាង ស្ថិតនៅភាគខាងកើតនៃខេត្តក្វាងទុង ប្រទេសចិន មានប្រជាជនប្រមាណ ៥.៦ លាននាក់។ទីក្រុងនេះមានវិស័យសេដ្ឋកិច្ចឯកជនរីកចម្រើន និងមានឧស្សាហកម្មសំខាន់ៗ ដូចជា ផលិតផលលោហៈ វាយនភណ្ឌ និងកែច្នៃអាហារ ព្រមទាំងមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនជាតិចិននៅក្រៅប្រទេស ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍៕