ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតចូលរួមអបអរតាមសារលិខិតជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក៏ដូចជាបងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅគ្រប់ទិសទី ក្នុងឱកាសឈានចូលមកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន។ក្នុងសារលិខិតនោះ សម្តេច បានអរគុណដល់ បងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅគ្រប់ទិសទី ទាំងអស់គ្នា ដែលតែងតែបានរួមរស់រំលែកសុខ និង ទុក្ខជាមួយគ្នានៅក្នុងប្រទេសអស់រយៈពេលជាយូរតាំងពីបុរាណកាលមក។
យោងតាមសារលិខិត សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បងប្អូនចិន និងបងប្អូនខ្មែរសែស្រឡាយចិន បានផ្សារភ្ជាប់ជោគវាសនារបស់ខ្លួនជាមួយនឹងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស នៅពេលប្រទេសជាតិជួបការលំបាកដូចជា សង្គ្រាមឈ្លានពានព្រំដែន គ្រោះមហន្តរាយ បងប្អូនចិន និងបងប្អូនខ្មែរសែស្រឡាយចិនតែងតែចូលរួមបរិច្ចាគទឹកប្រាក់ ធនធានជូនដល់ពលរដ្ឋភៀសសឹក និងជនរងគ្រោះ ព្រមទាំងរួមចំណែកថែរក្សាស្ថិរភាពសង្គម និងសុខសន្តិភាព។
សម្តេច ហ៊ុន ម៉ាណេត បានបន្តលើកទឹកចិត្តដល់បងប្អូនជនជាតិចិន និងបងប្អូនខ្មែរសែស្រឡាយចិនទាំងអស់ បន្តគាំទ្រគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកាន់តែសកម្មថែមទៀត ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនតទៅមុខទៀត និង សូមអរគុណដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានរួបរួមសាមគ្គីបងប្អូនខ្មែរចិន ចូលរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងប្រទេសកម្ពុជារីកចម្រើន៕