ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា កាលពីថ្ងៃទី ២ ខែមិថុនាកន្លងទៅបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋចិន China News Service ដោយបានអំពាវនាវទៅកាន់ភ្ញៀវទេសចរចិន ឱ្យមកលេងកម្សាន្តក្នុងប្រទេសកម្ពុជា។ជាការអំពាវនាវ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងលើកលែងទិដ្ឋាការ ឬ Free Visa សម្រាប់ពលរដ្ឋចិនមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។សារអំពាវនាវរបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបង្កឱ្យមានការ ផ្ទុះការចាប់អារម្មណ៍ពីអ្នកអានភាសាចិន ហើយថែមទាំងផ្សាយបន្តដោយ ការិយាល័យកិច្ចការចិននៅក្រៅប្រទេសនៃក្រុមប្រឹក្សារដ្ឋចិន។
ក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន China News Service លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានថ្លែងគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ Free Visa ដល់ទេសចរចិនមកកម្ពុជា គឺជាវិធានការដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរប្រជាជន កិច្ចសហប្រតិបត្តិការទេសចរណ៍ និង ការពង្រឹងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនឱ្យកាន់តែស៊ីជម្រៅ។
បើតាមលោកអ្នកឧកញ៉ា ពុង ឃាវសែ អះអាងថា លើកលែងទិដ្ឋាការ ឬ Free Visa សម្រាប់ពលរដ្ឋចិន គឺជាការបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ហើយនឹងជួយសម្រួលដល់ការធ្វើដំណើរ ការធ្វើធុរកិច្ច ការវិនិយោគ និង ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។
ខ្លឹមសារបទសម្ភាសន៍របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាមួយ China News Service ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកអានភាសាចិនជាង ៣៧ម៉ឺននាក់ និង ជាពិសេស អត្ថបទនេះត្រូវបានការិយាល័យកិច្ចការចិននៅក្រៅប្រទេស នៃក្រុមប្រឹក្សារដ្ឋចិន យកទៅចុះផ្សាយបន្តលើគេហទំព័រផ្លូវការរបស់ខ្លួន ជាករណីដ៏កម្រមួយ និង ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទស្សនៈ និង ការអំពាវនាវរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និង ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារភ្ញៀវទេសចរដ៏សំខាន់បំផុតមួយរបស់កម្ពុជា ជាយូរមកហើយ។ ភ្ញៀវទេសចរចិន មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាស្ពានមិត្តភាពសម្រាប់ពង្រឹងការយល់ដឹង និង ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ មានការជឿជាក់ថា តាមរយៈវិធានការលើកលែងទិដ្ឋាការ នឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍ សម្រាប់ការកម្សាន្ត ការធ្វើដំណើរអាជីវកម្ម និង ការស្វែងរកឱកាសវិនិយោគ។អមជាមួយខ្លឹមសាររបស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន China News Service បានចូលរួមរាយការណ៍បន្ថែមពីសក្តានុភាពនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត វប្បធម៌ដ៏សម្បូរបែប និង ម្ហូបអាហារឆ្ងាញ់ៗ។ លើសពីនេះ កម្ពុជាក៏មានសម្បត្តិវប្បធម៌ និង ប្រវត្តិសាស្ត្រជាច្រើន ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
China News Service ក៏បានរាយការណ៍ពីភាពរីកចម្រើនក្នុងប្រទេសកម្ពុជានារយៈពេលចុងក្រោយ ដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និង បរិយាកាសទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីផ្តល់បទពិសោធន៍កាន់តែល្អប្រសើរដល់ភ្ញៀវអន្តរជាតិ ជាពិសេស អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ឱ្យដំណើរការនាពេលកន្លងមក បានជួយបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស និង គាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
ចុងក្រោយនៃបទសម្ភាសន៍ជាមួយ China News Service លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចេញសារខ្លីប្រកបដោយអត្ថន័យថា "ប្រជាជនកម្ពុជា មានមនោសញ្ចេតនាមិត្តភាពយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនចិន។ ទ្វាររបងរបស់កម្ពុជា តែងតែបើកចំហ សម្រាប់មិត្តភក្តិចិន និង ភ្ញៀវអន្តរជាតិគ្រប់រូប ហើយយើងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវចិនមកទស្សនាប្រទេសកម្ពុជាដ៏ស្រស់ស្អាតរបស់យើង»៕