ភ្នំពេញ៖ សមាគមពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ នៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១៥៨,០០០ដុល្លារអាម៉េរិក ជូនសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍការអប់រំភាសាចិននៅកម្ពុជា។
ការប្រគល់ថវិកានេះធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ក្នុងជំនួបរវាងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងថ្នាក់ដឹកនាំសមាគមពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ ព្រមទាំងសភាពាណិជ្ជកម្មហុងកុងនៅកម្ពុជា។
លោក ស៊ូ វិនជៀ ប្រធានប្រតិបត្តិសមាគមពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ នៅកម្ពុជា បានឱ្យដឹងថា ថវិកានេះកើតចេញពីការចូលរួមរបស់សមាជិកសមាគម និងសប្បុរសជននានា ក្នុងគោលបំណងជួយលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា។ លោកក៏បានបញ្ជាក់ថា សមាគមនឹងបន្តគាំទ្រវិស័យនេះជាបន្តទៀត។
បើតាមព័ត៌មានដែលស៊ីស៊ីថាមស៌ទទួលបាន កន្លងមក សមាគមបានរៃអង្គាសថវិកាជាង ២លានដុល្លារ សម្រាប់សាងសង់ និងជួសជុលសាលារៀនចិននៅតាមបណ្តាខេត្តនានា ដោយបានសាងសង់ និងជួសជុលអគារសិក្សាយ៉ាងហោចណាស់ ៣៣ខ្នង។
សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងបញ្ជាក់ថា ថវិកានឹងត្រូវប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍការអប់រំភាសាចិននៅកម្ពុជា៕