Cctime 6monthsfree desktop
Cc times  web banner kh (2)

ឯកឧត្ដម ថោង ខុន៖«សណ្ឋាគារ-ផ្ទះសំណាក់»ជាង៨០%ត្រូវភ្ញៀវកក់ពេញសម្រាប់ឆ្លងឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ 

ភ្នំពេញ៖ ការប្រារព្វពិធីឆ្លងឆ្នាំសាកលឆ្នាំ២០២១ ចូល២០២២នឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ។មុន៤ថ្ងៃនៃពិធីឆ្លងឆ្នាំចូលមកដល់ អត្រាការកក់បន្ទប់ស្នាក់តាម«សណ្ឋាគារ និង ផ្ទះសំណាក់»មានកម្រិតខ្ពស់ជាង ៨០ភាគរយ ជាពិសេសខេត្តជាប់មាត់សមុទ្រ និង តំបន់ភ្នំពេញ។នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍កម្ពុជា។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសាកលនាចុងសប្តាហ៍នេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និង មណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០ភាគរយហើយត្រូវបានភ្ញៀវកក់រួចពេញស្រេច ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ជាងគេ។

ខណៈកំណើនភ្ញៀវសម្រុកត្រៀមចេញកំសាន្តឆ្លងឆ្នាំ គ្រប់បណ្តារដ្ឋបាលរាជធានីខេត្តមួយចំនួន បានកំពុងរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និង ទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន។ប៉ុន្តែពិធីនេះ តម្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ នៅរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ គឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។ចំនួននេះមានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក ហើយភ្នំពេញ និងខេត្តព្រះសីហនុមានចំនួនភ្ញៀវច្រើនជាងគេដោយរាជធានីភ្នំពេញ ៥៥ ០៨៤ នាក់ និង ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង