
ភ្នំពេញ៖ សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន បានទម្លាក់ថ្លៃមកត្រឹមជាង៥ពាន់ដុល្លារ។ការទម្លាក់ថ្លៃនេះ ធ្វើឡើងក្រោយពីបានការសម្របសម្រួលពីស្ថានទូតចិនប្រចាំនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលជាក្រុមហ៊ុនតែមួយគត់ដែលធ្វើការហោះហើរទៅកាន់ប្រទេសចិន។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រោយពីមានការសូមណូមពរស្ថានទូតបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ប្រជាពលរដ្ឋអាចធ្វើការដំណើរទៅកាន់ប្រទេសចិនបានងាយស្រួល។ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដើម្បីបញ្ចុះតម្លៃសំបុត្រយន្តហោះពី៦៥៥៥ដុល្លារ មកត្រឹមនៅ៥០៥៥ដុល្លារ (បូកបញ្ចូលពន្ធ)។ តម្លៃនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានការឡើងថ្លៃជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកដែលបង្កការលំបាកដល់អ្នកធ្វើដំណើរមួយចំនួន ជាពិសេសភ្ញៀវទេសចរចិនដែលចង់មកដំណើរកំសាន្តនៅកម្ពុជា។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍កាលពីខែវិច្ឆិកាកន្លងទៅ សំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយជើង។ការដែលតម្លៃសំបុត្រយន្តហោះរវាងចិន-កម្ពុជាឡើងថ្លៃជាប្រវត្តិសាស្ត្រ ដោយសារឥទ្ធិពលកូវីដ-១៩ បូករួមអាជ្ញាធរប្រទេសចិនដាក់ការរឹតបន្តឹងខ្លាំង ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាក់កូវីដ-១៩។