Cctimesw1140xh150cm copy

គ្លីនិកឬឱសថស្ថានលក់«ថ្នាំព្យាបាលកូវីដ»លើសតម្លៃកំណត់ប្រឈមនឹងវិធានការក្រសួង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ថ្នាំព្យាបាលជំងឺកវីដ-១៩ «ម៉ូលណាទ្រីស»

ភ្នំពេញ៖ ក្នុងករណីរកឃើញថា មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឬឱសថស្ថានរងណាមួយដែលលក់ថ្នាំព្យាបាលជំងឺកវីដ-១៩ «ម៉ូលណាទ្រីស» លើសតម្លៃដែលបានកំណត់ នោះនឹងមានការចាត់វិធានការដើម្បីបញ្ឈប់សកម្មភាពទាំងនេះ។ ការដាក់ចេញវិធានការនេះគឺដើម្បីរក្សាតម្លៃសមរម្យដែលអាចឱ្យប្រជាជនមានលទ្ធភាពក្នុងការជៀវយកទៅព្យាបាលឱ្យទាន់ពេលវេលា។ នេះបើតាមការលើកឡើងរបស់លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក លីវ សុផាណារិទ្ធិ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការចាត់វិធានការនេះជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចនេះការកំណត់តម្លៃលក់នៅលើទីផ្សារ គឺដើម្បីធ្វើយ៉ាងណាឱ្យថ្នាំនេះបានទៅដល់ដៃអ្នកជំងឺដែលកំពុងត្រូវការថ្នាំនេះដើម្បីព្យាបាល ក៏ដូចជាភាពចាំបាច់ផ្សេងៗដែលត្រូវការថ្នាំនេះយកទៅប្រើប្រាស់។ ដូចនេះតម្លៃត្រូវតែមានភាពសមរម្យដែលអាចឱ្យប្រជាជនមានលទ្ធភាពក្នុងការជៀវយកទៅព្យាបាលឱ្យទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ចំពោះលក្ខខណ្ឌក្នុងការជៀវថ្នាំនេះគឺមិនមានអ្វីច្រើនទេ ដោយក្នុងនោះបុគ្គលម្នាក់ៗគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ។ ដោយឡែកចំពោះមន្ទីរពេទ្យឯកជន គ្លីនិក សថស្ថាន ឬឱសថស្ថានរង ត្រូវតែបង្ហាញលិខិតអនុញ្ញាតបើកអាជីវកម្ម រីឯចំនួនបញ្ជាទិញ គឺត្រូវទិញទៅតាមចំនួនដូចដែលមានក្នុងសេចក្តីជូនដំណឹង។

រីឯការបញ្ជាទិញវិញ គឺថាទាំងបុគ្គល ទាំងតំណាងឱ្យមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ត្រូវអញ្ជើញទៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើការបញ្ជាទិញនៅទីនោះផ្ទាល់តែម្តង ហើយត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងលិខិតអនុញ្ញាតបើកអាជីវកម្ម ដើម្បីរៀបចំនីតិវិធីក្នុងការបញ្ញាទិញទៅតាមចំនួនដូចដែលបានកំណត់។ ចំពោះការទូទាត់ប្រាក់គឺត្រូវធ្វើការទូទាត់តាមធនាគារដែលមានលេខគនណីយដូចដែលមាននៅក្នុងសេចក្តីជូនដំណឹង។

បើតាមសេចក្តីជូនដំណឹង ក្នុងនោះបុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ដល់១០កំប៉ុង។ ចំណែកមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុងតម្លៃមិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង។ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ ក្រោយបញ្ជាទិញលើកចុងក្រោយ។

មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជា ទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង