
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៣ ធ្នូនេះ បានប្រកាសមិនអនុញ្ញាតឱ្យឡានអត់បង់ពន្ធបើកបរលើផ្លូវសាធារណៈនោះទេ។ហើយសម្តេច បានអំពាវនាវដល់ម្ចាស់រថយន្តដែលមិនទាន់បានបង់ពន្ធរូសរាន់មកបង់ពន្ធ ដើម្បីទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិគយ អគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)។
បើតាមសម្តេច ហ៊ុន សែន សម្តេចមិនចង់ឃើញពាក្យរថយន្តកង្កូតស្តាំ ឬឡានជ្រកក្រោមដំបូលស្លាកលេខនេះ ឬនោះនោះទេ ហើយសម្តេចបានចាត់ទុកករណីនេះ គឺជារឿងច្រំដែល។
សូមរំលឹកថា រថយន្តដែលគ្មានពន្ធ ត្រូវបានស្ថាប័ន្ធគយ និងរដ្ឋករ អនុគ្រោះពន្ធឲ្យ១០% ដែលនឹងបញ្ជប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ រថយន្តដែលគ្មានពន្ធ នឹងត្រូវបង់ពន្ធពេញ។ លើសពីនេះ រថយន្តគ្មានពន្ធទាំងអស់ នឹងរងនូវការបង្ក្រាប និងពិន័យយ៉ាងតឹងតែង ដោយមិនមានការលើកលែង ចាប់ពីចុងខែមិថុនា ឆ្នាំ២០២២ទៅ ប្រសិនបើម្ចាស់មិននាំយកទៅបង់ពន្ធឲ្យទាន់កាលកំណត់ចុងក្រោយនេះ៕