Yearendyearend1140x150
Img 0571

ឯកឧត្តម វេង សាខុន៖វៀតណាមជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជាក្នុងការនាំចេញកសិផល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបភាព៖ Facebook)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបានបង្ហាញថា ប្រទេសវៀតណាមជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជាសម្រាប់នាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូជាដើម។ ប្រសាសន៍នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មវៀតណាមដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ចំពោះវិស័យកសិកម្ម បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារ។

ទន្ទឹមនឹងនេះ ឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើ ភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២១នេះ វៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង